(ស្វាយរៀង)៖ ជនដៃដល់ជាឃាតក២នាក់ ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ នារីបុគ្គលិកនៅកាស៊ីណូ «Good Luck» ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង សម្រេចដីកាឃុំខ្លួនជាបណ្ណោះអាសន្ន, នេះបើតាមមន្ដ្រីតុលាការប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
ជនទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្លាំងនគរបាល នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង និងកម្លាំងនគរបាលខេត្តស្វាយរៀង រួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជាបន្ដបន្ទាប់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ដោយជនសង្ស័យ ឆឺយ សុជាតិ ត្រូវចាប់ខ្លួននៅក្រុងបាវិត នាពេលព្រឹក និងជនសង្ស័យ ផ្លេក សូនី ត្រូវចាប់ខ្លួននៅពេលរសៀល ក្នុងរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ក្រៅពីបានរៀបរាប់ពីដំណើរដើមទង និងហេតុការណ៍លម្អិត នៃអំពើឃាតកម្ម រំលោភសម្លាប់ ទៅលើនារីរងគ្រោះ សុវណ្ណ សុម៉ាលីន អាយុ១៨ឆ្នាំ លោកស្នងការក៏បានអះអាង ទៀតថា ជនសង្ស័យទាំង២នាក់នេះ ក៏ធ្លាប់ធ្វើសកម្មភាពរំលោភសម្លាប់ទៅលើនារី ជនជាតិវៀតណាមម្នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ដែលរូបភាព នៃការប្រព្រឹត្តអំពើឃាតកម្មនេះ មានភាពប្រហាក់ប្រហែលគ្នា ទាំងការដេកស្លាប់អាក្រាតកាយ របស់នារីរងគ្រោះ, ទីតាំងសម្លាប់ចុះពីថ្នល់ជាតិនៅក្រុងបាវិត, ដេកស្លាបមានវត្ថុរឹងសង្កត់ពីលើក្បាលដូចគ្នា ដែលជាករណីរំលោភសម្លាប់។
សូមបញ្ជាក់ថា នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសព ដែលត្រូវបានគេរំលោភសម្លាប់។
លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា នារីរងគ្រោះដែលត្រូវរំលោភសម្លាប់នេះ ឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ បុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយប្រទះឃើញសព នៅកណ្ដាលវាលស្រែ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត៕