(ភ្នំពេញ)៖ ទីបំផុត ! សាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញ ដែលកាត់ទោស លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែដដែល ចំពោះករណីចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា នៅពីក្រោយខ្នង នៃអំពើឃាតកម្មសម្លាប់ លោកបណ្ឌិត កែម ឡី។ នេះបើតាមអ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ ដែលបានបញ្ជាក់ប្រាប់ Fresh News ក្រោយពេលបញ្ចប់សវនការ។
សវនាការកាត់ទោស លោកសម រង្ស៊ី នៅសាលាឧទ្ធរណ៍ ថ្ងៃនេះដឹកនាំដោយ លោក ញូង ធុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
គួររំលឹកថា បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និងសងសំណង១០០រៀល នោះ ត្រូវបានលោកមេធាវី គី តិច មេធាវី អះអាងថា ការផ្តន្ទាទោសលោក សម រង្ស៊ី ពាក់ព័ន្ធសំណុំនេះមិនទាន់សមល្មម ទៅនឹងទោសកំហុសដែល លោក សម រង្ស៊ី បានប្រព្រឹត្តចោទ ប្រកាន់លើស្ថាប័នកំពូលរបស់ប្រទេសនោះទេ។
មេធាវីដែលមានជំនាញការពារកូនក្តី លោក គី តិច បានបន្តអះអាង ថា «មតិផ្ទាល់ខ្លួនរបស់ខ្ញុំក្នុងនាមមេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន ការកាត់ទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ មិនទាន់សមល្មមសម្រាប់ខ្ញុំទេ ព្រោះលោក សម រង្ស៊ី បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរមកកាន់ ប្រមុខដឹកនាំប្រទេស ពាក់ព័ន្ធសំណុំរឿងសម្លាប់លោកបណ្ឌិត កែម ឡី ដែលធ្វើឲ្យមហាជនមានការ យល់ច្រឡំ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋចោទប្រកាន់ខុសការពិតមកដល់រាជរដ្ឋាភិបាល ដែលស្ថាប័នជាន់ខ្ពស់របស់ប្រទេសក្រោមការ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។
លោកមេធាវី បានបញ្ជាក់ថា ការមិនទាន់សមល្មមនេះគឺលោកសំដៅទៅលើការផ្តន្ទាទោសតែមួយចំណុចប៉ុណ្ណោះ ចំណែកការពិន័យប្រាក់ ១០លានរៀល និងសំណង១០០រៀល មិនទាស់អីនោះទេ។
លោក សម រង្ស៊ី ត្រូវបានតុលាការចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥, មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុល ក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គម និងប៉ះពាល់ដល់ដំណើរការនីតិវិធី របស់តុលាការទៀតផង៕