(ភ្នំពេញ)៖ មន្រ្តីរបស់គណបក្សប្រឆាំងមួយរូបបានលួចទម្លាយឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ មានគម្រោងការចង់ធ្វើដំណើរ ទៅសហរដ្ឋអាមេរិក នៅដើមខែកញ្ញា ដើម្បីជួបទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅដើមខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
ការលួចទម្លាយព័ត៌មាននេះ ធ្វើឡើងស្របពេលដែល Facebook របស់លោក សោរ ចាន់ដេត (Sor Chan Deth) ជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និងជាសមាជិកក្រុមការងារខេត្តបន្ទាយមានជ័យ បានសរសេរថា «តាមព័ត៌មានទើបទទួលបានមុននេះ លោកប្រធាន កឹម សុខា មានបំណងទៅអាមេរិក នៅដើមខែ ៩ ដើម្បីរៀបចំជួបអតីតលោកប្រធាន សម រង្សី ដោយសម្ងាត់នៅទីនោះ ដើម្បីរកលុយពីថ្នាក់ដឹកនាំ CNRP តាមរយៈការសន្យាផ្តល់តំណែងខ្យល់»។
ជុំវិញផែនការចង់ធ្វើដំណើរទៅសហរដ្ឋអាមេរិក របស់លោក កឹម សុខា, Fresh News មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិនៅឡើយនោះទេ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
សូមជំរាបថា នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាស មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលណា ដែលប្រើប្រាស់សម្លេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស ដោយផ្សារភ្ជាប់ជាមួយគណបក្សសង្រ្គោះជាតិ។ នោះមានន័យថា បុគ្គលណាដែលប្រើបា្រស់សម្លេង និងរូបភាព ដោយឃុបឃិតជាមួយទណ្ឌិតជាប់ទោស គណបក្សមិនទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុនបន្តិចឲ្យដឹងថា ការយល់ព្រមដោយចំហរ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោស ពីបទឧក្រិដ្ឋ ឬបជ្ឍឹម ឲ្យធ្វើសកម្មភាពណាមួយ ដែលផ្សារភ្ជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិ គឺគណបក្សមិនទទួលខុសត្រូវ៕