(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាកលោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានសា្ថបផ្លូវក្រាលខ្សាច់ស ចំនួន ០៥ខ្សែ ដែលមានប្រវែងសរុប១៦៦៣ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ដើម្បីជូនបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្ន រង់ចាំការស្ថាបនាជាផ្លូវបេតុងនាពេលខាងមុខ។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា ដោយមើលឃើញការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមក ផ្លូវក្នុងសហគមន៍មានការលំបាកធ្វើដំណើរ ហើយទាប ដែលនាំឲ្យទឹកលិចផ្លូវនៅរាល់ពេលភ្លៀង និងយោងតាមសំណូមពររបស់បងប្អូនក្នុងភូមិអន្លង់គងថ្មី អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភការស្ថាបនា ដោយលើកកម្ពស់ ផ្លូវឲ្យបានខ្ពស់ផុត ពីការលិចលង់ដោយទឹកភ្លៀង ហើយកិនបង្ហាប់ក្រាលខ្សាច់ស ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់បានងាយស្រួល រង់ចាំការស្ថាបនាជាផ្លូវបេតុង នាពេលខាងមុខ។
ក្នុងឱកាសនោះលោកអភិបាល ក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសុំឲ្យបងប្អូនមានការយោគយល់ចំពោះការប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនា។
បងប្អូនប្រជាពលរដ្ឋបានអបអរសារទ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលរាជធានីភ្នំពេញ និងអជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាក របស់ពួកគាត់ និងបានជួយស្ថាបនាផ្លូវនេះដើម្បីសម្រួលដល់ការធ្វើដំណើរ និងរស់នៅរបស់ប្រជាពលរដ្ឋ។