(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ហៅកាត់ថា JICA គ្រោងដឹកនាំមន្រ្តីវ័យក្មេង កម្ពុជា១៤រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការបណ្តុះបណ្តាលវិជ្ជាជីវៈ» រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃ ទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ នៅប្រទេសជប៉ុន។
ដើម្បីធ្វើឲ្យដំណើរការទៅកាន់ប្រទេសជប៉ុន ប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ JICA បានរៀបចំ សិក្ខាសាលាតំរង់ទិស មុនពេលចាកចេញដំណើរទៅ «កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេង ឆ្នាំ២០១៧» ដើម្បីជាជំនួយ ស្មារតីដល់សិក្ខាកាមទាំង១៤រូប។
ថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលនោះ លោក តាណាកា កាតារុ អនុប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលសម្រាប់ អ្នកដឹកនាំវ័យក្មេងនេះ បានចូលរួមចំណែកលើកកម្ពស់ការសិក្សា ស្វែងយល់ពីគ្នាទៅវិញទៅមក និងរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកំពុងអភិវឌ្ឍផ្សេងៗ ក្នុងពិភពលោក។
ចំពោះវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស វាអាចផ្តល់ឱកាសឲ្យសិក្ខាកាម ដែលជាមន្រ្តីមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា បង្កើតទំនាក់ទំនងកាន់តែស្និតស្នាលរវាងគ្នា និងគ្នាបន្ថែមទៀត។
លោក តាណាកា កាតារុ ស្នើឲ្យសិក្ខាកាម ប្រើប្រាស់ឱកាសនេះ សម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២ ក៏ដូចជា ពង្រឹងទំនាក់ទំនង និងការងារអន្តរក្រសួង រវាងក្រសួងទាំងពីរផងដែរ។
ជាមួយគ្នានោះ លោក ជា វុទ្ធី អគ្គលេខាធិការងគណៈកម្មាធិកាវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ជប៉ុនជាកន្លែងដ៏ល្អបំផុតសម្រាប់ការសិក្សា អំពីគោល នយោបាយ អភិវឌ្ឍន៍វិស័យឧស្សហកម្ម។ ជប៉ុន ជាប្រទេសអាស៊ីមុនគេ ដែលទទួលបានជោគជ័យ ក្នុងឧស្សាហូបនីយកម្ម តាមរយៈការរៀបចំ គោលនយោបាយឧស្សហកម្មដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។
លោក ជា វុទ្ធី បន្តថា មន្រ្តីវ័យក្មេងកម្ពុជាទាំងអស់ ដែលចូលរួមនាពេលនេះ ត្រូវរៀនសូត្រពីរបៀបធ្វើការរបស់ ជនជាតិជប៉ុន ដែលឲ្យតម្លៃទៅលើវិន័យ និងការធ្វើការងារជាក្រុម ប្រកបដោយការតាំងចិត្ត និងការទទួល ខុសត្រូវខ្ពស់។
បន្ថែមពីលើនេះ លោក ស៊ឹម សំណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ បានឲ្យដឹងថា JICA បានផ្តល់ជំនាញការ និងអ្នកស័គ្រ្មចិត្ត ជប៉ុន មកប្រើការងារបៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី-ខេត្ត។ មិនត្រឹមតែប៉ុណ្ណោះ JICA បានផ្តល់ថវិកាសម្រាប់ ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ស្ពាន ថ្នល់ ប្រព័ន្ធទឹកស្អាត មន្ទីរពេទ្យ និងសាលារៀនជាដើម។
លោក ស៊ឹម សំណាង បន្តថា កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧ ស្តីពី «ការបណ្តុះបណ្តាលវិជ្ជាជីវៈ» នឹងធ្វើឲ្យមន្រ្តីរាជការ មានឱកាសទទួលបានចំណេះដឹង ទាក់ទងនឹងគោលនយោបាយទូទៅ ស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅប្រទេសជប៉ុន អភិវឌ្ឍជំនាញ ឯកទេសរបស់ខ្លួន តាមរយៈការដកស្រង់បទពិសោធន៍ និងសិក្សារៀនសូត្រពីបច្ចេកវិទ្យា និងជំនាញថ្មីៗ នៅប្រទេសជប៉ុន។
លោក តាណាកា កាតារុ តំណាងឲ្យ JICA រំពឹងទុកថា សិក្ខាកាមទាំងអស់ នឹងខិតខំរៀនសូត្រ និងស្វែងយល់ពី បទពិសោធន៍របស់ប្រទេសជប៉ុន ទាក់ទងនឹងគោលនយោបាយ និងក្របខណ្ឌអភិវឌ្ឍន៍វិស័យឧស្សហកម្ម និង ជំនាញវិជ្ជាជីវៈ ក្នុងប្រទេសជប៉ុន។ លោកបន្តថា ជំនាញចំណេះដឹង និងបទពិសោធន៍ ដែលសិក្ខាកាមទាំងអស់ នឹងទទួលបានពីប្រទេសជប៉ុន នឹងអាចចូលរួម ដោះស្រាយបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក្នុងស្ថាប័ន និងសង្គម។
គួរបញ្ជាក់ថា មន្រ្តីរាជការនៃក្រសួងការងារ ចំនួន១០នាក់ និងមន្រ្តីរាជការនៃស្ថាប័នផ្សេងចំនួន៤នាក់ នឹងត្រូវអនុញ្ញាតឲ្យទៅចូលរួម ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការបណ្តុះបណ្តាលវិជ្ជាជីវៈ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០១៧ នៅប្រទេសជប៉ុន។
សម្រាប់ប្រទេសកម្ពុជា JICA បានចូលរួមវគ្គបណ្តុះបណ្តាល នៅឆ្នាំ១៩៩៥ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានមន្រ្តីវ័យក្មេងកម្ពុជា ១០២៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល លើវិស័យផ្សេងៗ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល JICA ក្នុងប្រទេសជប៉ុន៕