(ភ្នំពេញ)៖ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី និងប្រទេសវៀតណាម បានជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរចំនួន២នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ ក្រោយពីបានចាញ់បោកមេខ្យល់ បញ្ឆោតនាំទៅរៀបការខុសច្បាប់ និងធ្វើការខុសច្បាប់។ នេះបើយោងតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ជុំ សុន្ទរី បានឲ្យដឹងថា ស្ថានទូតអគ្គរាជទូតកម្ពុជា ប្រចាំនៅសឹង្ហបុរី បានអន្តរាគមន៍ ដោះស្រាយបញ្ហារបស់ពលការិនីខ្មែរ ម្នាក់ ឈ្មោះ ប.ស.ផ អាយុ២៦ ឆ្នាំ មកពីស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានទៅបម្រើការងារ តាមផ្ទះនៅសឹង្ហបុរី អំឡុងខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា ហើយត្រូវបានប៉ូលីសសឹង្ហបុរី ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីរងការប្ដឹងពីម្ចាស់ផ្ទះពីបទលួចប្រាក់។
លោក ជុំ សុន្ទរី បានបន្តទៀតថា ដោយឡែកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម បានអន្តរាគមន៍ជួយនារីខ្មែរម្នាក់ឈ្មោះ ធ.ស.ធ អាយុ២៤ឆ្នាំ មកពីស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវបានមេខ្យល់នាំធ្វើដំណើរតាមរថយន្តក្រុងពីភ្នំពេញ ទៅដល់ទីក្រុងហូជីមិញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ បម្រុងយកទៅរៀបការជាមួយ បុរសជនជាតិចិន នៅប្រទេសចិន ដោយសន្យាផ្ដល់ប្រាក់១៥០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២នាក់ខាងលើនេះ បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រោយពីស្ថានទូត ជួយសម្របសម្រួល៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖