(ភ្នំពេញ)៖ ស្រ្តីចំណាស់ម្នាក់ដែលជាមន្រ្តីក្រសួងសុខាភិបាល និងកូនប្រុសរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់ តាមរករឿង និងគំរាមកំហែង ព្រមទាំងបង្កការរំខានជាបន្តបន្ទាប់ រហូតធ្វើឲ្យពួកគាត់មានការភិតភ័យស្ទើរមិនហ៊ាននៅផ្ទះ និងចេញទៅណាមកណាទៅហើយ។
ដោយសារតែមានការភ័យខ្លាចគ្រប់ពេលនោះ ទើបនៅវេលាម៉ោង១០៖៤៥នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ គាត់បានសម្រេចចិត្តនាំកូនប្រុស ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅដាក់ពាក្យបណ្ដឹងសុំ ឲ្យនគរបាលជួយអន្តរាគមន៍ និងជាការជួយដឹងឮ ក្រែងថ្ងៃណាមួយ មានការគំរាមកំហែងខាងលើ ក្លាយទៅជាការពិតនាំ ឲ្យរូបគាត់និងកូនប្រុស មានគ្រោះថ្នាក់កើតឡើង។
ស្រ្តីរងគ្រោះ ដោយការគំរាមកំហែកខាងលើនោះ ឈ្មោះ ដួង ច័ន្ចរ៉ាវី អាយុ៤៥ឆ្នាំ មុខរបរជាមន្រ្តីក្រសួងសុខាភិបាល ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ២០ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយឡែក កូនប្រុសរបស់គាត់ដែលទៅប៉ុស្ដិ៍នគរបាលចោមចៅជាមួយគាត់ដែរនោះ មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ និងបានទទួលការគំរាមកំហែងខ្លាំងដែរ។ រីឯជនដែលត្រូវចោទប្រកាន់នោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែស្គាល់មុខតែប៉ុណ្ណោះ មានអាយុប្រហែល៥០ឆ្នាំ និងជាកម្មករសំណង់ ហើយស្នាក់នៅផ្ទះស្រ្តីមេម៉ាយម្នាក់ ដែលស្ថិតនៅទល់មុខផ្ទះរបស់ស្រ្តីរងគ្រោះដែរ។
ស្រ្តីរងគ្រោះរូបនោះ បាននិយាយប្រាប់នគរបាលថា ជនសង្ស័យខាងលើ បានទៅស្នាក់នៅផ្ទះស្រីមេម៉ាយទល់មុខផ្ទះរបស់គាត់នោះ រយៈពេលជាងកន្លះឆ្នាំកន្លងមកហើយ ប៉ុន្តែគាត់មិនដែលស្គាល់ឈ្មោះទេ ហើយគាត់ក៏មិនដែលមានទំនាស់ជាមួយជននោះម្ដងណាឡើយ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចទើបជននោះ ចេះតែតាមរករឿង គំរាមកំហែងចង់សម្លាប់ រូបគាត់និងកូនប្រុសគាត់ដែលកំពុងរៀន ព្រមទាំងនិយាយដៀមដាមមិនឈប់ទាល់តែសោះ។
ស្រ្តីរងគ្រោះ បានបន្ដទៀតថា មិនតែប៉ុណ្ណោះ បានហៅមិត្តភក្ដិទៅផឹកស៊ីស្រែកឡូរឡា រំខានដល់គាត់និងអ្នកជិតខាងជាញឹកញាប់ ដោយឡែកកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ខណៈពេលដែលគាត់កំពុងរៀបចំស្រោចផ្កាមុខផ្ទះ ស្រាប់តែជនសង្ស័យខាងលើបញ្ឆេះម៉ូតូរោទិ៍ខ្លាំងៗ និងស្រែកជេរប្រមាថគាត់យ៉ាងចាស់ដៃ ដោយគ្មានមូលហេតុ ហើយដោយសារមានការភ័យខ្លាច ទើបគាត់សម្រេចចិត្តដាក់ពាក្យបណ្ដឹងបែបនេះតែម្ដង៕