(បាត់ដំបង)៖ ពិតជាសំណាងណាស់! ស៊ីទែនស្តុកប្រេងម៉ាស៊ូត ស្ថិតនៅស្ថានីយ៍ប្រេង LHR ក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះមួយឈុល នាវេលាម៉ោងប្រមាណ១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់វេលា។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍ថា ករណីនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែក្រោយកើតហេតុត្រូវបានបុគ្គលិក យកបំពង់ពន្លត់អគ្គិភ័យបាញ់ទាន់ពេលវេលា ហើយរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត ក៏បានចេញមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
យ៉ាងណាក៏ដោយ ហេតុការណ៍នេះ មិនបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរនោះឡើយ៕