(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវឲ្យសិស្សត្រៀមប្រឡងថ្នាក់ទី១២ទាំងអស់ ត្រូវតែមានភាពជឿជាក់ ទៅលើសមត្ថភាពរបស់ខ្លួនឯង និងដាក់គោលដៅឲ្យបានខ្ពស់ ក្នុងការយកនិទ្ទេស A ដើម្បីជាកិត្ដិយសរបស់ខ្លួន, កិត្ដិយសរបស់ក្រុមគ្រួសារ និងជាកិត្ដិយសរបស់វិទ្យាល័យខ្លួនឯងផងដែរ។ នេះបើតាមវីដេអូឃ្លីប របស់លោក ហ៊ុន ម៉ានី បង្ហោះលើ Facebook របស់លោក។
លោក ហ៊ុន ម៉ានី បានថ្លែងថា «សូមឲ្យប្អូនៗ សូមជឿជាក់ ទៅលើសមត្ថភាពរបស់ប្អូនៗខ្លួនឯង ត្រូវចង់ចាំអ្វីដែលជាត្រូវការឆ្លងកាត់ នៃការរៀនសូត្រ ជាមួយអ្នកគ្រូ-លោកគ្រូ ការត្រៀមវគ្គបំប៉ន់ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ជាបន្ថែមទៀត ហើយក្នុងនោះសូមឲ្យប្អូនៗ ចង់ចាំថា អ្វីដែលបានត្រៀម អ្វីដែលដល់ថ្ងៃអនុវត្តនេះ ត្រូវប្អូនៗជឿជាក់ លើសមត្ថភាពរបស់ខ្លួនឯង»។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាបង លោកគ្រូ-អ្នកគ្រូ នាយក ក៏ដូចជាអាណាព្យាបាល ឪពុកម្ដាយ របស់យើង គឺជឿជាក់លើសមត្ថភាពរបស់ប្អូនទាំងអស់គ្នា សូមប្អូនៗ ជឿជាក់លើខ្លួនឯង ហើយក្នុងនោះ គឺដាក់គោលដៅឲ្យខ្ពស់ គឺខំប្រឹងប្រែងធ្វើយ៉ាងណា ឲ្យបាននិទ្ទេស A ដើម្បីជាកិតិ្តយស របស់ប្អូនផង កិត្ដិយស របស់ក្រុមគ្រួសារផង កិត្ដិយសរបស់ វិទ្យាល័យរបស់ប្អូនផង។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ទៀតថា តែអ្វីដែលមានសារៈសំខាន់ លើសពីនេះបន្ថែមទៀត សូមឲ្យប្អូនៗ ខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព.....ភាពជោគជ័យរបស់ប្អូនៗ ពិតជាមានសារៈសំខាន់ ចំពោះប្រទេសកម្ពុជាយើង ភាពជោគជ័យរបស់ប្អូន វានឹងស្នើទៅដល់ភាពជោគជ័យរបស់ប្រទេសជាតិយើង។
លោក ហ៊ុន ម៉ានី សូមជូនពរទៅដល់ប្អូនថ្នាក់ទី១២ទាំងអស់ ដែលកំពុងតែត្រៀមប្រឡង សូមទទួលបានជោគជ័យទាំងអស់គ្នា ចំពោះការប្រឡងបាក់ឌុបខាងមុខនេះផងដែរ។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ហើយប្រកាសលទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។
សូមបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងឆ្នាំ២០១៧នេះ មានចំនួនសរុប ១០៣,១១២នាក់ ដែលមានការកើនឡើងជាងឆ្នាំមុន ប្រមាណជាង ៩ពាន់នាក់ បើធៀបនឹងឆ្នាំ២០១៦៕