(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពអត់ធ្មត់ចំពោះវត្តមានកងទ័ពឡាវនៅលើទឹកដីខ្មែរ បានដល់ទីបញ្ចប់ហើយ ហើយសម្តេចទុកពេលតែ៦ទៀតប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជានៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។ ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាមរាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា។
ការប្រកាសដាក់ឱសានវាទឲ្យឡាវដកកងទ័ពចេញពីដីខ្មែរក្នុងខេត្តស្ទឹងត្រែងនេះ បានធ្វើឡើងព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានរាជបណ្ឌិត្យសភាពីលោកស្រី ឃ្លូត ធីតា ទៅលោកបណ្ឌិត សុខ ទូច ព្រមទាំងប្រកាសសមាសភាព បណ្ឌិត្យសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាមួយចំនួនទៀត នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចបានអត់ធ្មត់តាំងពីខែមេសាមកម្ល៉េះ ចំពោះការឈ្លានពានរបស់ទាហានឡាវ ព្រោះសម្តេចមិនចង់ឲ្យមានការផ្ទុះ សង្រ្គាមជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងភាពអត់ធ្មត់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត កាលពីអំឡុងខែឧសភា ពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា។
ក្រៅពីទូរស័ព្ទដោយផ្ទាល់ហើយនោះ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិតផ្លូវការមួយច្បាប់ទៀតផ្ញើទៅ នាយករដ្ឋមន្រ្តីឡាវ បញ្ជាក់ពីបញ្ហាព្រំដែន និងស្នើឲ្យឡាវដកកងទ័ពចេញពីប្រទេសកម្ពុជា។
ចំណុចដែលទាហានឡាវចូលមកឈ្លានពានកម្ពុជានេះ ស្ថិតនៅក្បែរតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀងប៉ាង ព្រំដែនខេត្តស្ទឹងត្រែង របស់កម្ពុជា និងខេត្តអាតាពើ របស់ឡាវ។ ការចូលមកឈ្លានពាននេះ បានធ្វើឡើងបន្ទាប់ពីកងវិស្វកម្មកម្ពុជាសាងសង់ផ្លូវមួយខ្សែស្របតាមបណ្តោយទន្លេសេកុង។
ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយលើកអំណឹអំណាងនៃផែនទីរវាងប្រទេសទាំងពីរបន្សល់ពីអាណានិគមបារាំងផងនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តំបន់ដែលកងវិស្វកម្មកម្ពុជាសាងសង់ផ្លូវនោះ គឺជាដែនអធិបតីរបស់កម្ពុជា ដោយមិនប៉ះពាល់ទឹកដីរបស់ឡាវនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «តាមការផ្ទៀងផ្ទាត់នៅទីតាំងជាក់ស្តែងជាមួយនឹងផែនទីផ្លូវការ ឧបសម្ព័ន្ធ៤ នៃកំណត់ ហេតុកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៩៧ និងឯកសារផែនទី ដែលបានឯកភាពគ្នានាឆ្នាំបន្តបន្ទាប់មកទៀត ក្នុងនោះភាគីទាំងពីរបានអនុម័តយកផែនទីសមស្របចំនួន ១១ផ្ទាំង ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូចិន ដើម្បីធ្វើជាមូលដ្ឋានក្នុងបង្អែកកសាងព្រំដែនរវាងប្រទេសទាំងពីរ។ ក្នុងចំណោមផែនទីទាំង ១១ផ្ទាំង ឈ្មោះ PHIAFAY (EST) លេខ ១៤៦E ផលិតឆ្នាំ១៩៥៥ (ឧបសម្ព័ន្ធ២) បានបង្ហាញយ៉ាងច្បាស់ថា តំបន់អូរតាង៉ាវ និងតំបន់ដែលកម្ពុជាសាងសង់ផ្លូវនៅតាមបណ្តោយផ្លូវទន្លេសេកុងនោះ គឺស្ថិតនៅយ៉ាងជ្រៅចម្ងាយប្រមាណពី ២០០ ទៅ ៧០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា ដែលមិនគួរណាឡាវ ឆ្លងខែព្រំដែនធម្មជាតិ ដែលខណ្ឌដោយទន្លេសេកុង មកជីកលេណដ្ឋានដាក់ទាហានតាមខ្សែត្រៀម និងរារាំងការធ្វើផ្លូវរបស់កម្ពុជានោះទេ»។
ក្នុងលិខិតដដែលនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើនាយករដ្ឋមន្រ្តីឡាវ ដកកងកម្លាំងចេញពីដីកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងជៀសវាងការប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធដែលអាចកើតមានរវាងប្រទេសទាំងពីរ។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ទាំងការទូរស័ព្ទដោយផ្ទាល់ និងការសរសេរលិខិតផ្លូវការនេះ ហាក់មិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយពីនាយករដ្ឋមន្រ្តីឡាវនៅឡើយនោះទេ។
ព្រោះតែមិនអាចអត់ធ្មត់ជាមួយភាពព្រងើយកន្តើយ និងគឃ្លើនរបស់ភាគីឡាវនេះ សម្តេចតេជោ ហ៊ុន សែន បានរៀបចំផែនការកងទ័ពរួច ហើយ ដើម្បីបណ្តេញកងទ័ពឈ្លានពានរបស់ឡាវចេញពីដីកម្ពុជា ដោយទុកពេលត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ប៉ុណ្ណោះ។ តែបើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅជួបនាយករដ្ឋមន្រ្តីជាលើកចុងក្រោយទៀត ដើម្បីសាកសួរលើបញ្ហានេះមុនឈានដល់ប្រើវិធានការកងកម្លាំងប្រដាប់អាវុធបណ្តេញទ័ពឡាវចេញពីដែនដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «មិនឲ្យនរណាមួយជាន់ដីខ្មែរ ដោយយើងមិនបានគិតនោះទេ។ មិត្តភក្តិ គឺមិត្តភក្តិហើយ តែបើមិត្តភក្តិមកជាន់ក្បាលអ៊ីចឹងមិនបាទេ ហើយខ្ញុំបានធ្វើរឿងនេះផ្ទាល់ ទូរស័ព្ទផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីឡាវ ហេតុអ្វីម៉ោងនេះ មិននិយាយ? ប៉ុល សារឿន បានទទួលបទបញ្ជាហើយ ទៀ បាញ់ ទទួលបទបញ្ជាហើយ គន់ គីម ទទួលបទបញ្ជាហើយ។ បើមានសភាពការណ៍កើតឡើង សូមកុំបន្ទោសកម្ពុជាឲ្យសោះ តែមុនចាត់ការយ៉ាងណា ឲ្យខ្ញុំបានទៅជួបឡាវសិន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ កុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ព ព្រោះបើមានការចល័តទ័ព គឺចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានរបស់ឡាវ។
សូមបញ្ជាក់ថា កម្ពុជា និងឡាវ មានព្រំដែនជាមួយគ្នាប្រវែង ៥៤០គីឡូម៉ែត្រ ហើយបច្ចុប្បន្នការត្រួតពិនិត្យខ្សែព្រំដែននៅលើដីជាក់ស្តែងបានចំនួន ៤៤៦.៥គីឡូម៉ែត្រ និងបានបោះបង្គោលព្រំដែនជាមួយគ្នាបានចំនួន ១២១បង្គោល លើបង្គោលព្រំដែនសរុប ១៤៥បង្គោល ពោលនៅសល់ប្រមាណ ១៤ភាគរយ កំពុងបន្តចរចាដោះស្រាយ៕