(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ បានទម្លាយនូវរូបថតរបស់សម្តេច ថត Selfies ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិន ហ្សូ អាបេ ដែលបានថតទុកតាំងពីជាង២ឆ្នាំមុន ពោលគឺកំឡុងខែមេសា ឆ្នាំ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៉ី អាហ្រិក។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មិត្តភាពរបស់សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានរួមគ្នាកសាងឲ្យទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញពីមិត្តភាព ការគោរពរាប់អានគ្នា ដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញនៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្ទរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។
ក្រោយបញ្ចប់ពិធីជប់លៀង រៀបចំដោយប្រធានាធិបតីឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រី អាបេ បានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្ទមក Selfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញ នាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ច នៅជប៉ុន។ មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេ រួមគ្នាកសាងឲ្យទៅជាដៃគូ យុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយ មិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចផងដែរ។
នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីអាបេ បានរៀបចំខួបកំណើតឲ្យខ្ញុំដែលរឿងនេះកាន់តែបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ដែលនាយករដ្ឋមន្ត្រីអាបេ បានផ្តល់ដល់រូបខ្ញុំ។ ពេលរូបថតនេះបង្ហោះចេញទៅ សុំមេត្តាកុំសើចព្រោះខ្ញុំមិនពូកែថតរូបទេ»៕