(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០ នាក់។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង នៅយប់ថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៧។
លោក ហោ ណាំហុង បានឲ្យដឹងថា ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាប្រទេសនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា ដោយកាលពីឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីសម្រេចបាន៧៣១លានដុល្លារអាមេរិក ។
លោក ហោ ណាំហុង បានថ្លែងថា «បច្ចុប្បន្នមានរោងចក្រផលិតស្បែកជើង និងកាត់ដេរប្រហែល៨៨ ដែលគ្រប់គ្រងដោយហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា មានកម្មករប្រមាណជា ៣៥០០០នាក់ ជាងនេះទៅទៀត កម្ពុជាអាចនឹងទទួលបានផលប្រយោជន៍ កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយហុងកុង ដែលជាមជ្ឈមណ្ឌលសំចតឆ្លងកាត់ ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងពាណិជ្ជកម្មអន្តរជាតិដ៏សំបូរបែបមួយ»។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា កម្ពុជាជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហុងកុង នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិតមានផលប្រយោជន៍ទៅវិញទៅមកជាច្រើនសម្រាប់កម្ពុជា និងហុងកុង ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មលើវិស័យជួរមុខជាច្រើន។ ឆ្នាំ២០១៦ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបាន ៧៣១ លានដុល្លារអាមេរិក។
លោក ហោ ណាំហុង បានអះអាងថា ហុងកុងបានប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិមួយ កាន់តែ រឹងមាំឡើង លើសពីនេះទៅទៀត ហុងកុងបានទទួលចំណាត់លំដាប់ថ្នាក់ ថេរពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើនជាតំបន់សេដ្ឋកិច្ចខ្លាំងក្លា និងមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។
លោកថ្លែងថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ និងផ្លូវមួយ នឹងមិនត្រឹមតែតភ្ជាប់ប្រទេសចិន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាតសន្ធឹងដល់អឺរ៉ុប និងអាហ្រ្វិក។ កម្ពុជាមានជំនឿថា ខ្សែក្រវាត់ និងផ្លូវ ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់នូវ កាលានុវត្តភាពថ្មីៗជាច្រើនសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រកបដោយផលិតភាពលើវិស័យ ជាច្រើនដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់អាស៊ាន និងចិននោះទេ ប៉ុន្តែការពិតសម្រាប់ហុងកុង និងតំបន់កាន់តែធំជាងនេះទៅទៀត៕