(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំណាស់ៗជំនាន់មុន រួមជាមួយយុវជន និងសិស្សានុសិស្សជំនាន់ថ្មី មកពីខេត្តព្រៃវែងប្រមាណ ៤០០នាក់ បានបង្ហាញពីការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ក្រោយពីបានទស្សនាខ្សែភាពយន្តថ្មីរបស់សាលាក្ដីខ្មែរក្រហម មានចំណងជើងថា «បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់» ដែលឆ្លុះបញ្ចាំងពីសង្គមបរិយាកាសក្នុងសម័យរបបខ្មែរក្រហម នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ហើយក៏ទទួលបានការធ្វើបទបង្ហាញនានា ពីមន្រ្តីរបស់សាលាក្ដីខ្មែរក្រហមផងដែរ។
ខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់នេះ ត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាងសាលាក្តីខ្មែរក្រហម ជាមួយមជ្ឈមណ្ឌលសោតទស្សន៍ បុប្ជាណា ដែលបានចាក់បញ្ចាំងនៅក្នុងសាលសវនាការ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ក្រោយស្ថាប័នទាំងពីរនេះ មានកិច្ចសហការជាមួយគ្នាតាំងពីឆ្នាំ២០០៩ មកម្ល៉េះ ជាមួយសកម្មភាពផ្សព្វផ្សាយអំពីសាលាក្តីខ្មែរក្រហម និងភាពយន្តឯកសារទាក់ទងនឹងប្រវត្តិសាស្ត្រ នាសម័យខ្មែរក្រហម នៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជិត ៧ម៉ឺននាក់។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហម បានឲ្យដឹងនៅចំពោះមុខប្រជាពលរដ្ឋខាងលើថា ការចងចាំរបស់យុវជនជំនាន់ក្រោយ អំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺពិតជាមានសារៈសំខាន់ណាស់។
លោកបន្តថា ការជំនុំជម្រះក្តីដែលធ្វើឡើងនៅចំពោះប្រជាពលរដ្ឋ គឺដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជា។ ការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម មិនមែនសម្រាប់តែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ជាមួយគ្នានេះ លោក ក្រាញ់ តូនី បានគូសបញ្ជាក់ថា ការចងចាំគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ព្រោះសង្គមមួយមិនអាចដើរទៅមុខបានល្អទេ បើយើងមិនបានជម្រះនូវប្រវត្តិសាស្ត្រឱ្យបានល្អ។ យើងត្រូវបើកទំព័រដើម្បីសិក្សាពីប្រវត្តិសាស្ត្រ ស្វែងរកការពិតនៃសោកនាដកម្មដែលបានកើតឡើង ដើម្បីដឹងថា តើនរណាជាជនដៃដល់ និងនរណាជាជនរងគ្រោះ។ លោកបានបន្តថា ការទស្សនាខ្សែភាពយន្ត គឺដើម្បីការចងចាំ ព្រោះមនុស្សម្នាក់ៗមានកាតព្វកិច្ចនៃការចងចាំ ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញ នូវសោកនាដកម្ម និងឧក្រិដ្ឋកម្មមកលើប្រទេសកម្ពុជា ដូចរបបខ្មែរក្រហមសារជាថ្មី។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា ក៏បានឱ្យដឹងដែរថា សាលាក្តីខ្មែរក្រហមនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នាំយកនូវខ្សែភាពយន្តឯកសារផ្សេងៗទៀត ដើម្បីចាក់បញ្ចាំងជូនសាធារណជនទស្សនារឿងរ៉ាវប្រវត្តិសាស្ត្រពិតក្នុងរបបខ្មែរក្រហម។ លោកបានសង្កត់ធ្ងន់ថា រឿងរ៉ាវដែលបានចងក្រងក្នុងខ្សែភាពយន្ត គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការចងចាំ និងការយល់ដឹងរបស់សាធារណជន ជាពិសេសយុវជនលើប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រជាអត្តសញ្ញាណមួយរបស់ជាតិ ដែលពលរដ្ឋគ្រប់រូបគួរស្វែងយល់ឱ្យបានច្បាស់។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានទស្សនាខ្សែភាពយន្ត «បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់» បានបង្ហាញនូវភាពក្រៀមក្រំ ខ្លះបង្ហូរទឹកភ្នែកដោយសារតែរឿងរ៉ាវរបស់ស្ត្រីឈ្មោះ បុប្ផាណានេះ បង្ហាញពីការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងត្រូវបានគេចាប់ខ្លួនបញ្ជូនមកឃុំនៅមន្ទីរសន្តិសុខ ស-២១ និងបានសរសេរចម្លើយសារភាពជិតមួយពាន់ទំព័រ។ រឿងរ៉ាវរបស់បុប្ផាណា គឺជាការបង្ហាញពីការសម្លាប់របស់ខ្មែរក្រហមទៅលើបញ្ញាវន្តខ្មែរនៅក្នុងរបបខ្មែរក្រហម និងបង្ហាញពីភក្តីភាពរបស់ស្ត្រីខ្មែរចំពោះស្វាមី។
ក្រោយទស្សនាខ្សែភាពយន្ត និងការស្តាប់ការលើកឡើងពីការវិវឌ្ឍថ្មីៗនៃសាលាក្តីខ្មែរក្រហម ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានបន្តដំណើរទស្សនកិច្ចទៅកាន់អតីតគុកទួលស្លែង និងបឹងជើងឯក ដែលបានពិពណ៌នានៅក្នុងខ្សែភាពយន្តនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបន្ថែមទៀតពីសោកនាដកម្មនៃការសម្លាប់មនុស្សជាច្រើន នៅអំឡុងពេលនៃរបបខ្មែរក្រហម៕