(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាតសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ក្នុងក្របខណ្ឌយុវជនទីក្រុងស្អាត) បានរៀបចំការជ្រើសរើសជ័យលាភី នៃការប្រកួតប្រជែង គម្រោងប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុង នៃផ្ទះស្នាក់នៅកម្ពុជា ដែលបានប្រកាសដល់សាធារណជន ពិសេសនិស្សិតនៅតាមសាកលវិទ្យាល័យ វិទ្យាស្ថានដែលមានជំនាញស្ថាបត្យកម្មផ្នែកខាងក្នុង (Internal Design) ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៧។
លោក ណេប សាមុត អគ្គលេខាធិការគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត បានលើកឡើងថា ការដាក់ចេញនូវការប្រកួតប្រជែង រចនាស្ថាបត្យកម្ម ផ្នែកខាងក្នុងផ្ទះស្នាក់កម្ពុជានេះ មានគោលបំណងសំដៅ៤យ៉ាងគឺ៖ ទី១៖ បញ្ជ្រាបការយល់ដឹងជាសាធារណៈពីផ្ទះស្នាក់កម្ពុជា, ទី២៖ ស្វែងរកនូវ គំរូស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់ និងផ្សព្វផ្សាយដល់សាធារណជន ឱ្យយល់ពីរចនាបទនៃផ្ទះស្នាក់ទៅតាមស្តង់-ដារផ្ទះស្នាក់កម្ពុជា, ទី៣៖ដាក់ចេញនូវ គម្រោងបង្កើតផ្ទះស្នាក់ ដើម្បីជាមូលដ្ឋានរិះរកសម្រាប់លើគម្រោងផ្ទះស្នាក់ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានលទ្ធភាពអាចបង្កើតផ្ទះស្នាក់នេះ ឱ្យបានច្រើន និងទី៤៖ ផ្តល់ឱកាសឱ្យយុវជនកម្ពុជា មានស្នាដៃឆ្នើម មានឱកាសបញ្ចេញទេពកោសល្យស្នាដៃរបស់ខ្លួន។
ជាក់ស្តែងមានបេក្ខភាពបានសុំចុះឈ្មោះដាក់ពាក្យចូលរួម និងត្រូវបានជ្រើសរើសដោយគណៈកម្មការបច្ចេកទេសជ្រើសរើស និងវាយតម្លៃចំនួន ០៧ក្រុម(ប្រាំពីរ),(មួយក្រុមមានសមាជិក០២នាក់) មកពីសាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយក្រុមទាំង០៧(ប្រាំពីរ) បានទទួលយោបល់ប្រឹក្សាពីគណៈកម្មការបច្ចេកទេសជាច្រើនដង (ដោយផ្អែកលើស្តង់ដាផ្ទះស្នាក់កម្ពុជា និងស្តង់ដារ ផ្ទះស្នាក់អាស៊ាន) មុននឹងទទួលបានគម្រោងប្លង់ស្ថាបត្យកម្មផ្ទះស្នាក់រួម ជាមួយម៉ាកែតដែល និងត្រូវធ្វើបទបង្ហាញចុងក្រោយជូន គណៈកម្មការសម្រេច និងជ្រើសរើសជ័យលាភីនាព្រឹកនេះ។
សូមជម្រាបជូនថា គ្រួសារប្រជាពលរដ្ឋតាម «ជនបទ» «សហគមន៍» ឬ «តាមទីក្រុង» អាចរៀបចំជាផ្ទះស្នាក់បែបទីក្រុង (Urban stay) ផ្ទះស្នាក់បែបជនបទ (Farm stay) និងផ្ទះស្នាក់នៅតាមសហគមន៍ ឱ្យភ្ញៀវទេសចរអាចស្នាក់នៅ ហើយទទួលបាននូវបទពិសោធន៍ នៃការរស់នៅផ្ទាល់ តាមរយៈការយល់ដឹង ពីប្រពៃណី វប្បធម៌ របស់ប្រជាជនខ្មែរ ហើយតាមរយៈនៃការរៀបចំផ្ទះស្នាក់នោះក៏អាច ផ្តល់លទ្ធភាពរកចំណូលបន្ថែមលើកកម្ពស់ជីវភាពរបស់មូលដ្ឋាន និងចូលរួមអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា មាននីរន្តភាព ការទទួលខុសត្រូវ និងគ្រប់ជ្រុងជ្រោយ។ មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានផ្ទះស្នាក់ចំនួន០៧ (ប្រាំពីរ) ដែលបានទទួលស្តង់ដាផ្ទះស្នាក់កម្ពុជាហើយ ផ្ទះស្នាក់កម្ពុជាចំនួន០៥ (ប្រាំ)ទទួលបានស្តង់ដាផ្ទះស្នាក់អាស៊ាន។
គួរបញ្ជាក់ថា គណៈកម្មការវាយតម្លៃការប្រកួតប្រជែងស្ថាបត្យកម្មផ្ទះស្នាក់កម្ពុជា នឹងជ្រើសរើសស្នាដៃឆ្នើម០៣ (Top 3) និងដាក់ផ្សព្វផ្សាយ លើប្រព័ន្ធហ្វេសបុក(Facebook)ដើម្បីអនុញ្ញាតឱ្យសាធារណជនចូលរួមផ្តល់ចំណាត់ថ្នាក់(Rating)បន្ថែម ដើម្បីឈានដល់កំណត់ ពិន្ទុជ្រើសរើសចុងក្រោយ យកលេខ១ លេខ២ និងលេខ៣ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧៕