(សៀមរាប)៖ ប្រតិបត្តិការរុះរើសំណង់ខុសច្បាប់ ដើម្បីសោភ័ណភាពនៅតំបន់ឧទ្យានអង្គរ រយៈពេលពេញ១ថ្ងៃនេះ កម្លាំងមន្រ្តីអាជ្ញាធរជាតិអប្សរា និងកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប សម្រេចបានលទ្ធផលមួយចំនួនហើយ ហើយក្រុមការងារនឹងបន្តសកម្មភាពនេះ នៅថ្ងៃបន្តបន្ទាប់ទៀត ដែលប្រតិបត្តិការការងារក្នុងតំបន់១ និងតំបន់២នេះ មានរយៈពេលចាប់ពី ១០ថ្ងៃ ទៅកន្លះខែ ឯណោះ។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដែលដឹកនាំកម្លាំងប្រតិបត្តិការរុះរើសសំណង់ខុសច្បាប់ខាងលើ បានថ្លែងថា នៅថ្ងៃនេះ អាជ្ញាធរបានធ្វើការរុះរើសំណង់ខុសច្បាប់ទាំងនេះនៅ ៥គោលដៅធំៗ រួមមាន៖ ស្រុកប្រាសាទបាគង ស្រុកអង្គរធំ ក្រុងសៀមរាប (មុខប្រាសាទបន្ទាយក្តី) ស្រុកពួក និងស្រុកប្រាសាទបន្ទាយស្រី ដែលការរុះរើសំណង់ខុសច្បាប់នៅរមណីយដ្ឋានអង្គរនេះ អាចប្រើពេលវេលាពី ១០ថ្ងៃ ទៅកន្លះខែ ពីព្រោះសំណង់ទាំងនោះមិនពិបាកក្នុងការរុះរើនោះទេ។
លោក លី សំរិទ្ធ បានបន្តថា ប្រតិបត្តិការនៅថ្ងៃនេះ ម្ចាស់សំណង់ពុំមានការតវ៉ាធ្ងន់ធ្ងរនោះឡើយ តែមានម្នាក់នៅស្រុកប្រាសាទបាគង ដែលមកយំស្រែកមិនចង់ឲ្យអាជ្ញាធររុះរើ ប៉ុន្ដែវិធានការរដ្ឋបាលនេះ នឹងធ្វើឡើងរហូតទទួលបានជោគជ័យ និងបញ្ចប់ជាស្ថាពរ។
ការមិនតវ៉ាធ្ងន់ធ្ងរបែបនេះ ត្រូវបានអភិបាលរងខេត្តអះអាងថា ម្ចាស់សំណង់ខ្លះទទួលយកតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរ ហើយរហូតមកដល់ពេលនេះម្ចាស់សំណង់ប្រមាណ ១០នាក់ បានសម្រេចរុះរើដោយខ្លួនឯង។
សូមរំឭកថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹងជាផ្លូវការមួយ ប្រកាសចាត់វិធានការរុះរើសំណង់ខុសច្បាប់ ស្ថិតក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១០ ខែសីហា តទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថាប័នរដ្ឋទាំង២ បានឲ្យដឹងថា ម្ចាស់សំណងខុសច្បាប់ដែលសាងសង់ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសំណង់ខុសច្បាប់ថ្មីៗ ឬកំពុងសាង់សង់ដោយខុសច្បាប់ផ្សេងទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាជូនដំណឹងឲ្យរុះរើដោយស្ម័គ្រចិត្ត ក្នុងរយៈពេល៧ថ្ងៃ រូចមកហើយ ប៉ុន្ដែម្ចាស់សំណង់មួយចំនួនធំពុំទាន់មានការរុះរើដោយខ្លួនឯងនោះទេ។ ដូច្នេះគណៈកម្មការដឹកនាំ និងសម្របសម្រួសលើការរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់១ និងតំបន់២ នៃរមណីដ្ឋានអង្គររបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា សូមទុករយៈពេលចុងក្រោយ ជូនម្ចាស់សំណង់ខាងលើ ដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង រហូតដល់ថ្ងៃទី០៩ ខែសីហា ជាកំហិត ហើយបើមិនព្រមរុះរើនឹងវិធានការនៅថ្ងៃបន្ទាប់ ដោយពុំទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់សម្ភារសំណង់នោះឡើយ។
សូមបញ្ជាក់ថា មានសំណង់ខុសច្បាប់ជាង ៥០០កន្លែង ត្រូវបានលួចសង់អំឡុងពេលមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ៕