(ភ្នំពេញ)​៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា​ ចាន់តូ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានពន្យល់អំពីតួនាទី និងភារកិច្ចចម្បងៗរបស់ធនាគារកណ្តាល ក្នុងវិស័យហិរញ្ញវត្ថុ ជូនដល់មន្ត្រីថ្មីរបស់ធនាគារជាតិ ដើម្បីឲ្យពួកគេទទួលបានពុទ្ធិ យកទៅអនុវត្តន៍ក្នុងការងារ។

ការពន្យល់របស់ លោក ជា ចាន់តូ ធ្វើឡើង ក្នុងឱកាសដែលលោកអញ្ជើញ បើកវគ្គសុក្រឹតការជំនាន់ទី១២ ជូនបុគ្គលិកសិក្ខាកាមចូលរួមចំនួន៦២រូប របស់ធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ លើកឡើងថា វិស័យហិរញ្ញវត្ថុ និងធនាគារមានអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ដែលទាមទារឲ្យធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្លាយជាស្ថាប័នមួយប្រកបដោយការគោរព និងជឿជាក់ពីសំណាក់សាធារណជន តាមរយៈសុច្ចរិតភាព សមត្ថភាព និងការបំពេញភារកិច្ចស្នូល អំពីការអនុវត្តគោលនយោបាយរូបិយវត្ថុ ការរក្សាសុវត្តិភាពប្រព័ន្ធ ធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងទីផ្សារប្ដូរប្រាក់ និងទុនបម្រុងអន្ដរជាតិ ការគ្រប់គ្រងប្រព័ន្ធទូទាត់ និងបោះផ្សាយរូបិយវត្ថុជាតិ និងការផ្ដល់សេវាជូន​រាជ​រដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ។ល។និង។ល។

លោកបានពន្យលថា នៅក្នុងភារកិច្ចនេះ ធនាគារកណ្ដាលមានកាតព្វកិច្ចចម្បងចំនួនពីរ រួមមាន៖

ទី១៖ ជៀសវាងកុំឲ្យគាំងនូវកិច្ចដំណើរការនៃភាពប្ដូរបានរវាងក្រដាសប្រាក់ និងមាសព្រោះកាលនោះគឺជាសម័យស្ដង់មាស​។
និងទី២៖ គឺការពារកុំឲ្យមានការរាលដាល នៃការដួលរលំបណ្ដាធនាគារពាណិជ្ជ។

លោកបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ន ធនាគារ​កណ្ដាល នៅលើពិភពលោកនៅតែមានភារកិច្ច ដ៏សំខាន់បំផុតចំនួន២ ដែលប្រហាក់ប្រហែលគ្នានឹងភារកិច្ចចម្បងទាំងពីរ៖

ទី១៖ ការរក្សាស្ថិរភាព «តម្លៃរូបិយវត្ថុ» គឺទាក់ទងនឹងភារកិច្ចក្នុងការកំណត់ និងដឹកនាំគោនយោបាយរូបិយវត្ថុ។
ទី២៖ ការទទួលខុសត្រូវក្នុងការរក្សា «ស្ថិរភាពប្រព័ន្ធធនាគារ»។ ប៉ុន្ដែសព្វថ្ងៃនេះវិធីសាស្រ្ដដែលត្រូវបានយកមកប្រើប្រាស់ ដើម្បីសម្រេចឲ្យបាននូវភារកិច្ចនេះ គឺទំនើបជាមុនហើយនេះរួមបញ្ចូលទាំង ការអនុវត្តនូវវិធានការត្រួតពិនិត្យ ក្នុងកម្រិតខ្ពស់ទៅ​លើបណ្ដាធនាគារផងដែរ។
 
លោកបន្តថា ឆ្លើយតបទៅនឹងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរនៃវិស័យធនាគារនេះ ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍទាំងសមត្ថភាពធនធានមនុស្ស សមត្ថភាព​ស្ថាប័ន និងក្របខ័ណ្ឌច្បាប់បានយ៉ាងល្អប្រសើរ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បានធ្វើការបណ្ដុះបណ្ដាលមន្រ្ដីបុគ្គលិក ​គ្រប់រូប​ភាពទាំងក្នុង និងក្រៅប្រទេស បានយ៉ាងល្អ និងមានការកោតសសើរពីសំណាក់ស្ថាប័នអន្ដរជាតិថែមទៀតផង។

ជាមួយគ្នានោះ លោកទេសាភិបាលបាន អំពាវនាវឲ្យសិក្ខាកាមទាំងអស់ខិតខំត្រងត្រាប់ ស្តាប់ការឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញដោយយកចិត្តទុកដាក់ ដើម្បីទទួលយកចំណេះដឹង និងបទពិសោធន៍ទៅ អនុវត្តការងារឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕