(វ៉ាស៊ីនតោន-អាមេរិក)៖ សហរដ្ឋអាមេរិក បានព្រមព្រៀងផ្តល់ជំនួយបច្ចេកទេសពង្រឹងសុវត្ថិភាពចំណីអាហារ និង ការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តលើផលិតផលចំណីអាហារ និងសម្រាប់បើកផ្លូវដល់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សាររបស់អាមេរិក។
ការព្រមព្រៀងនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី Bar bara Weisel ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនោះ លោក ប៉ាន សូរស័ក្តិ បានដឹកនាំមន្រ្តីកម្ពុជាមកពីក្រសួងស្ថាប័នផ្សេងគ្នាចំនួន៨ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
ក្នុងកិច្ចពិភាក្សានោះ លោក ប៉ាន សូរស័ក្ដិ និងលោកស្រី Barbara WEISEL បានពិភាក្សាលើចំណុចមួយចំនួនដូចជា គោលនយោ បាយពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក ឆ្នាំ២០១៧ អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការងារនិងពលកម្ម កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធអនុ គ្រោះពន្ធទូទៅ និងជំនួយបច្ចេកទេស។
តាមរយៈកិច្ចពិភាក្សាគណៈប្រតិភូកម្ពុជា និងសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងកិច្ចសម្រួលពាណិជ្ជកម្ម ការងារនិងពលកម្ម ការការពារកម្មសិទ្ធិបញ្ញា និងបង្កើនការទាក់ទាញ និងការប្រកួតប្រជែងពាណិជ្ជកម្មក្នុងវិស័យតែមួយ និងបរិយាកាសវិនិយោគ។ ការពិភាក្សារវាងភាគីទាំងពីរ ផ្តោតលើការកត់សម្គាល់ពីវឌ្ឍនភាពដែលប្រទេសកម្ពុជាកំពុងធ្វើ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍កំណត់សម្រាប់អនុវត្តផែនការច្បាស់លាស់ ក៏ដូចជាគូសបញ្ជាក់ពីវិស័យនានា ដែលត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ភាគីទាំងពីរបានព្រមព្រៀងគ្នា កំណត់ផែនការសកម្មភាពសម្រាប់តាមដាន TIFA នាឆ្នាំខាងមុខនេះ ដែលក្នុងនោះនឹងបង្កើតក្រុមការងារពិសេស សម្រាប់បញ្ហាទាក់ទងនឹងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា កម្ពុជាកំពុងខិតខំប្រឹងប្រែងបង្កើតច្បាប់ពាណិជ្ជកម្ម និងវិនិយោគនានា ដើម្បីគាំទ្រដល់ការបើកចំហរ និងការស្វាគមន៍ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ពីព្រោះសហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
តាមរយៈកិច្ចពិភាក្សានេះ លោកស្រី Barbara WEISEL បានថ្លែងសន្យាថា អាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងសុវត្ថិភាពចំណីអាហារ និងការការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តអ្នកប្រើប្រាស់។ អាមេរិក ក៏នឹងបញ្ចប់ការវាយតម្លៃលើអនាម័យ និងភូតគាមអនាម័យក្នុងប្រទេសកម្ពុជា ដើម្បីបើកឱកាសឲ្យផលិតផលកសិកម្មកម្ពុជា អាចនាំចេញទៅទីផ្សារអាមេរិក។
លោកស្រី Barbara WEISEL ក៏បានគូសបញ្ជាក់ផងដែរថា អាមេរិកនឹងផ្តល់ជំនួយបច្ចេកទេសទាក់ទងនឹងកម្មសិទ្ធិបញ្ញា កិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្នុងរយៈពេល ៦ខែឆ្នាំ២០១៧នេះ មានចំនួន ១.៥៤ពាន់លានដុល្លារអាមេរិក បានកើនឡើង ១៤ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមរយៈទំហំពាណិជ្ជកម្មនេះ បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនៅឆ្នាំ២០១៧នេះ មានស្ថានភាពល្អប្រសើរជាងឆ្នាំ២០១៦។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគផ្ទាល់ពីអាមេរិកក្នុងកម្ពុជាមានចំនួនជាង ១៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៤។ សហរដ្ឋអាមេរិក ជាទីផ្សារធំបំផុតទី២ របស់ប្រទេសកម្ពុជា សម្រាប់ការនាំចេញសំលៀកបំពាក់ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារឹម សម្ភារៈក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ និងសត្វនៅរស់ និងចំណីសត្វជាដើម។
ការនាំចេញចម្បងរបស់សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាមានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្រ្ត និង អគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម។ កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៦ គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តន៍ការសន្យាទាំងនេះ និងបញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត៕