(ព្រះសីហនុ)៖ លោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណកម្មការកសាងមជ្ឈមណ្ឌល និងលោក ង្វៀន ជុងដាម អនុរដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ចុះហត្ថលេខាលើកំណត់កិច្ចពិភាក្សាការងារសាងសងមជ្ឈមណ្ឌល ផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍។
លោក កៅ ខុនដារ៉ា បានឲ្យដឹងថា ភាគីទាំងពីរជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាលើជំនួយដែលមានទំហំទឹកប្រាក់ ចំនួន៣លានដុល្លារ សម្រាប់ជួយសាងសង់មជ្ឈមណ្ឌលផ្តល់សេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ភាគីទាំងពីរ បានឯកភាពលើចំណុចសំខាន់ៗដូចខាងក្រោម៖
ទី១៖ការកសាងមជ្ឈមណ្ឌលនេះ មានគោលបំណងផ្តល់នូវសេវាព្យាបាលដោយស្មគ្រ័ចិត្ត និងផ្អែកលើសហគមន៍ និងធានាគុណភាព និរន្តរភាព នូវប្រសិទ្ធភាព គោរពគោលការណ៍គោរពសិទ្ធិមនុស្ស និងផ្អែកលើវិទ្យាសាស្រ្ត និងភ័ស្តតាងជាមូលដ្ឋាន។
ទី២៖គម្រោងថវិកាចំនួន៣លានដុល្លា គឺអាទិភាពលើការងារសាងសង់អគារសម្រាប់ការស្នាក់នៅ របស់អ្នកញៀនគ្រឿងញៀន និងអគារបណ្តុះបណ្តាលវិជ្ជាជីវៈ
ទី៣៖ភាគីទាំងពីរធ្វើការងារដោយសហការយ៉ាងជិតស្និទ្ធ ក្រោមស្មារតីសាមគ្គី រវាងគ្នានឹងគ្នា និងខិតខំពន្លឿនការរៀបចំនិងអនុវត្តគម្រោងនេះឲ្យបានឆាប់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលនេះ តាមការគ្រោងគម្រោងផែនការសាងសង់ គឺមានទំហំទឹកប្រាក់ប្រមាណ៦លានដុល្លារ ដែលត្រូវការចូលរួមជាចាំបាច់ពីសំណាក់ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជនជាតិ និងអន្តរជាតិ៕