អគ្គលេខាធិការរងអាជ្ញាធរមីនម្នាក់ ទទួលមរណភាព, ទេសរដ្ឋមន្ត្រី សេរី កុសល ដឹកនាំមន្ត្រីចូលរួមរំលែកមរណទុក្ខ នៅគេហដ្ឋានសព ក្នុងបុរីពិភពថ្មីសំរោងអណ្តែត
10-08-2017 18:12
(ភ្នំពេញ)៖ លោក ចាន់ រដ្ឋា អគ្គលេខាធិការរងអាជ្ញាធរមីន បានទទួលមរណភាព នៅវេលាម៉ោង៥៖០០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ ហើយសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានផ្ទះលេខ ២៥ ផ្លូវលេខ៧ ក្នុងបុរីពិភពថ្មី សំរោងអណ្តែត ក្នុងខណ្ឌសែនសុខ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី១០ ខែសីហានេះ បានដឹកនាំមន្ត្រីរាជការចំណុះឲ្យអាជ្ញាធរមីន ចូលរួមរំលែកមរណទុក្ខ ចំពោះភរិយា លោក ចាន់ រដ្ឋា គឺលោកស្រី ទេពសារ៉ាត់ និងក្រុមគ្រួសារ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ នៃអាជ្ញាធរមីនកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់ និងសង្គ្រោះជនពិការដោយសារមីន សូមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់ ស្វាមី ឪពុក ជាទីគោរព និងស្រឡាញ់»។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងទៀតថា លោក ចាន់ រដ្ឋា ជាកុលបុត្រដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យសកម្មភាពពីន នាពេលកន្លងមក ព្រមទាំងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធាន និងពេលវេលាគ្រប់កាលៈទេសៈ ប្រកបដោយគំរូវីរភាព ដ៏ថ្លៃថ្លាក្នុងការអភិវឌ្ឍន៍ជាតិមាតុភូមិ៕