(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត​ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ម៉ាស៊ីនថតឆ្លុះសរសៃឈាម បេះដូងទំនើបថ្មី (Cath-Lab System) បន្ថែមមួយគ្រឿងទៀត រួមនិងបរិក្ខាផ្សេងៗ ដែលមានតម្លៃជាង៧០ម៉ឺនដុល្លារ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត មន្ដ្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យជាច្រើនផងដែរ។

នៅក្នុងពិធីមួយនេះ លោក ម៉ម ប៊ុនហេង បានចាត់ទុកថាការបន្ថែមនៅម៉ាស៊ីនថតឆ្លុះសរសៃឈាម បេះដូងទំនើបថ្មី បន្ថែមមួយគ្រឿង និងបន្ទប់ថ្មីរចនាតាមកម្រិតស្ដង់ដាខ្ពស់ នៅមន្ទីរពេទ្យកាល់ម៉ែត នាពេលនេះ គឺជាការចូលរួមចំណែកលើកកម្ពស់គុណភាព វិស័យមន្ទីរពេទ្យ ស្របតាមយុទ្ធសាស្ដ្រអភិវឌ្ឍន៍ របស់ក្រសួងសុខាភិបាល ក្រោមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោករដ្ឋមន្ដ្រីសុខាភិបាល បានលើកទឹកចិត្តឲ្យមន្ទីរពេទ្យកាល់ម៉ែត ជំរុញបន្ថែមការអភិវឌ្ឍន៍ស្របតាមតម្រូវការរបស់ពលរដ្ឋកម្ពុជា រួមមាន បន្ដពង្រីកហេដ្ឋារចនាសម្ព័ន្ធ កាន់តែទំនើបតាមនិយាមអន្ដរជាតិ, យកចិត្តទុកដាក់ ជាពិសេសក្នុងការជ្រើសរើសបន្ថែមធនធានមនុស្ស កម្រិតឯកទេស ដើម្បីបម្រើសេវាសុខភាពកាន់តែប្រសើរ និងបង្កើតការអនុវត្តន៍បច្ចេកវិទ្យាថ្មី នៃវិជ្ជសាស្ដ្រទំនើបស្របតាមការរីកចម្រើនរបស់សាកលលោក។

បើតាមលោក ឈាង រ៉ា​ នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យកាល់ម៉ែត មានបុគ្គលិកសរុប ១,២៩៩នាក់ ក្នុងនោះស្រី៦០៤នាក់៕