(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អំពាវនាវដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភស៊ីម៉ង់ត៍ និងសម្ភារៈនានាដល់សមាគមអតីតយុទ្ធជន ក៏ដូចជាមន្រ្តីយោធា ដើម្បីសាងសង់លំនៅដ្ឋាន ជូនដល់អតីតយុទ្ធជន។
តបតាមការអំពាវនាវរបស់នាយឧត្តមសេនីយ៍ គន់ គីម និងដើម្បីការខ្វះខាតរបស់អតីតយុទ្ធជននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ឧកញ៉ា ស្រី ច័ន្ទថន អគ្គនាយក្រុមហ៊ុន ស្កាយឡែន សេវែនអែនជី បានឧបត្ថម្ភស៊ីម៉ង់ត៍ ជូនសមាគមអតីតយុទ្ធជនកម្ពុជា ៥០តោន និងផ្តល់ជូនកងពលតូចថ្មើរជើងលេខ៤១ ចំនួន ២០តោន សរុប ៧០តោន។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោកឧកញ៉ា និងក្រុមហ៊ុនស្កាយឡែន សេវែនអែនជី ដែលបានផ្តល់ស៊ីម៉ង់ត៍ ជូនដល់សមាគមអតីតយុទ្ធជនកម្ពុជា ចំណុះកងពលតូចថ្មើរជើងលេខ៤១។ នាយឧត្តមសេនីយ៍ ចាត់ទុកទង្វើរបស់លោកឧកញ៉ា គឺជាការជួយឧបត្ថម្ភ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ព និងអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម រំពឹងថា សម្បុរសជននានា នឹងធ្វើតាមឧកញ៉ា ស្រី ច័ន្ទថន ដើម្បីរួមចំណែកជួយដល់ការខ្វះខាតរបស់អតីតយុទ្ធជន និងយោធាកម្ពុជា ដែលបានបូជា និងលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិមាតុភូមិ៕