(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌កម្ពុជា គ្រោងនឹងបើកសាកល្បងឱ្យមានការអនុវត្តទោសសហគមន៍ នៅពេលខាងមុខនេះ ដើម្បីឱ្យអ្នកទោស ឬទណ្ឌិត អាចធ្វើការងារសហគមន៍ ជំនួសឱ្យការជាប់ឃុំ នៅក្នុងពន្ធនាគារបាន។ ប៉ុន្តែទណ្ឌិតឬអ្នកទោស ដែលធ្វើការងារសហគមន៍នេះ ក៏ស្ថិតនៅក្រោមការត្រួតពិនិត្យ របស់សមត្ថកិច្ចផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការអនុវត្តសាកល្បងទោសសហគមន៍ នឹងធ្វើឡើងមុនគេ ក្នុងខេត្តបាត់ដំបង ហើយអាចនឹងបន្តទៅកន្លែងផ្សេងទៀត ដើម្បីជៀសវាងការកក់ស្ទះអ្នកទោសនៅក្នុងពន្ធនាគារ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចកំណត់យកខេត្តដំបងនៃតំបន់មួយ ក្នុងការសាកល្បងអនុវត្តទោសសហគមន៍ ដោយមិនឲ្យអ្នកទោស នៅក្នុងពន្ធនាគារទេ ដោយឲ្យនៅក្នុងសហគមន៍ ដោយស្ថិតក្រោមការត្រួតពិនិត្យច្បាស់លាស់»។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបន្ថែមថា ការអនុវត្តទោសសហគមន៍នេះ នៅកម្ពុជា មិនទាន់អាចធ្វើទៅបាននៅឡើយទេ ដោយសារតែ ប្រជាពលរដ្ឋពុំទាន់បានយល់ដឹង ដែលទាមទារឱ្យមានការផ្សព្វផ្សាយ និងអប់រំឱ្យបានទូលំទូលាយ។ លោកថា កន្លងទៅ ពលរដ្ឋតែងតែ ប្រតិកម្ម រហូតឈានដល់ ការប្រព្រឹត្តល្មើសច្បាប់ថែមទៀត នៅពេលដែលឃើញអ្នកទោសនៅក្រៅឃុំ។
បើតាម លោកស្រី រ៉ូណាស្មីត (RHONA SMRTH) អ្នករាយការពិសេស របស់អង្កការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា អង្គការសហប្រជាជាតិ បានគាំទ្រដល់គម្រោងអនុវត្តទោសសហគមន៍នេះ ហើយថា អង្គការសហប្រជាជាតិ នឹងចូលរួមក្នុងការផ្សព្វផ្សាយនានា ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ បានយល់ដឹងអំពីករណីនេះ៕