(ពោធិ៍សាត់)៖ លោក ភុំ ផៃឌឿម មន្ត្រីនគរបាលនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានចេញលិខិតបដិសេធ ទាំងស្រុង ចំពោះការចោទប្រកាន់ថា លោកជាមន្ត្រីនគរបាល រកស៊ីឈើប្រណិតដុះស្លែរខុសច្បាប់ នៅខេត្តពោធិ៍សាត់។
លោក ភុំ ផៃឌឿម បានលើកឡើងថា អ្វីដែលមានសារព័ត៌មានក្នុងស្រុកមួយ ចេញផ្សាយកាលពីវេលាម៉ោង ៤៖៤៥នាទីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ គឺជារឿងមិនពិតនោះទេ ដោយលោកបានបញ្ជាក់ថា លោកគឺជាមន្ត្រីនគរបាល បម្រើនៅការិយាល័យ ប្រឆាំងភេវរកម្ម និងឧក្រិដកម្មឆ្លងដែន ដែលមានភារកិច្ចស៊ើបអង្កេត និងស្រាវជ្រាវប្រមូលព័ត៌មាន ក្នុងខេត្តពោធិ៍សាត់។ ទន្ទឹមនឹងភារកិច្ច របស់លោក លោកក៏មានមុខរបរបើកសិប្បកម្មកែច្នៃធុនតូច២កន្លែង ដែលមានច្បាប់ត្រឹមត្រូវ ចេញពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
លោកឧត្តមសេនីយទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ទាក់ទិនទៅនឹងបញ្ហា ដែលសារព័ត៌មានបានចុះផ្សាយខាងលើ លោកបានចាត់តាំងឲ្យស្នងការរងទទួលផែនសន្តិសុខ ធ្វើការស្រាវជ្រាវជាបន្ទាន់។
តាមការស្រាវជ្រាវជាក់ស្តែង និងការអះអាងរបស់សាម៉ីខ្លួន លោក ភុំ ផៃឌឿម មានសិប្បកម្មកែច្នៃធុនតូច ២កន្លែងដែលបានការអនុញ្ញាតពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមិនបានប្រព្រឹត្តបទល្មើស ដូចដែលសារព័ត៌មាននោះបានចុះផ្សាយនោះទេ។
លោក ភុំ ផៃឌឿម បានឲ្យដឹងដែរថា ការចុះផ្សាយព័ត៌មានមិនពិតខាងលើនេះ វាជាការញុះញង់ និងនាំឲ្យប៉ះពាល់ដល់កិត្តិយស និងកេរត្តិ៍ឈ្មោះរបស់បុគ្គល អង្គភាព និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិទាំងមូល។ លោកក៏បានសំណូមពរ ឲ្យចាងហ្វាយអង្គភាព សារព័ត៌មានក្រាំងមាស កែសម្រួលចំពោះព័ត៌មានមិនពិតនេះ ជៀសវាងមានការភ័ណ្ឌច្រឡំពីសាធារណៈមតិ បើមិនដូច្នោះទេ និងចាត់វិធានការតាមច្បាប់៕