(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជូនលិខិតសុំអន្តរាគមន៍ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធម៌ ទៅឲ្យប្រធានសាលាដំបូងខេត្តសៀមរាប និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ច។
ដំណោះស្រាយគោលនយោបាយមនុស្សធម៌នេះ បានធ្វើឡើងក្រោយពេលដែលភាគីឈ្មោះ ចៅ យុគចាន់ ហៅសាមចាន់ និងក្រុមគ្រួសាររួមជាមួយកូនតូចៗ៣នាក់ទៀត ដែលរស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប អស់រយៈពេលជាង៣០ឆ្នាំ ត្រូវរងការបណ្តេញចេញពីផ្ទះ តាមអំណាចសាលដីកាស្ថាពររបស់ តុលាការកំពូល។
កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានឲ្យក្រឡាបញ្ជីប្រាប់ភាគីចាញ់ក្តីមកយកប្រាក់ចំនួន១០០០ដុល្លារ ជាថ្លៃរុះរើផ្ទះទៅវិញ។ ប៉ុន្តែលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានអះអាងថា នឹងជួយធ្វើការចរចាដើម្បីសម្របសម្រួលតាមគោលនយោបាយមនុស្សធម៌។
ចំណែកភាគីត្រូវរងការបណ្តេញចេញពីផ្ទះ នៅតែសំណូមពរយ៉ាងទទូចសុំឲ្យមានដំណោះស្រាយស្រប តាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ រកការដោះស្រាយ តាមគោលនយោបាយមនុស្សធម៌នេះផង។
មជ្ឈដ្ឋានអ្នកច្បាប់ចាត់ទុកថា ដំណោះស្រាយនេះស្របតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោលគឺត្រូវមានការសម្របសម្រួលរវាងភាគីឈ្នះក្តី និងភាគីចាញ់ក្តី ដោយមិនទុកឲ្យនរណាម្នាក់ រងការឈឺចាប់ខ្លោចផ្សារ ដោយសារការបណ្តេញចេញនេះទេ។
ក្នុងលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកអង្គ វង្សវឌ្ឍនា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានទទួលពាក្យសុំអន្តរាគមន៍របស់ឈ្មោះចៅ យុគចាន់ និងក្រុមគ្រួសារ។ នៅក្នុងពាក្យសុំអន្តរាគមន៍នេះបានអះអាងថា ឈ្មោះ ចៅ យុគចាន់ ត្រូវបានលោកតា ចៅ យ៉ាំ និងប្រពន្ធឈ្មោះ យិត ឡាង យកមករស់នៅជាមួយលើផ្ទះ ទំនាស់តាំងពីឆ្នាំ១៩៨៦។ លុះដល់ឆ្នាំ១៩៩៨ តាយាយ បានរៀបការមានចៅ យុគ ចាន់ ជាមួយនឹងប្តីឈ្មោះ សុច ច្រឹង និងមានកូន៣នាក់ រស់នៅលើដី និងផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃមានរយៈពេលជាង៣០ឆ្នាំមកហើយ។
លិខិតដដែលបានបន្តថា ស្រាប់តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ យិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណារី ត្រូវជាកូនបង្កើត និងកូនប្រសាររបស់តាយាយ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់ និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់ ស្ថិតនៅ ភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ភាគីទំនាស់បានប្តឹងផ្តល់គ្នារហូតដល់តុលាការកំពូល។ ជាចុងក្រោយតុលាការកំពូលបានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះទៅឲ្យឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់ និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ១០៦ជ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦។
លិខិតនេះបានអះអាងថា ចំពោះការសម្រេចនេះភាគីឈ្មោះចៅ យុគចាន់ មិនជំទាស់ទេ។ ប៉ុន្តែដោយសារតែខ្លួនមករស់នៅលើដី និងផ្ទះទំនាស់នេះ និងបានបម្រើតាចៅ យ៉ាំ និងយាយយិត ឡាង តាំងពីខ្លួនអាយុ៦ឆ្នាំ រហូតដល់បច្ចុប្បន្នមានរយៈពេលជាង៣០ឆ្នាំ ហើយខ្លួនក៏ពុំមានដីឬផ្ទះសម្រាប់រស់នៅក្រៅពី ដីនិងផ្ទះទំនាស់ខាងលើនេះទេ។ ដូច្នេះភាគីចៅ យុគចាន់ សំណូមពរសុំឲ្យមានដំណោះស្រាយដល់ខ្លួន និងក្រុមគ្រួសារក្នុងគោលដៅគោលនយោបាយមនុស្សធម៌។
អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌សូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍ និងឯកសារពាក់ព័ន្ធជូន លោកប្រធានសាលាដំបូងខេត្តសៀមរាប និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប ដើម្បីដោះស្រាយជាសមត្ថកិច្ច៕