(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាស្ដីពី ភាពជាដៃគូរដ្ឋ-ឯកជនក្នុងការអនុវត្តគម្រោងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ (ACAC) ក្រោមអធិបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ នៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ ដោយក្នុងនោះក្រសួងទេសចរណ៍ បានអនុវត្តជាគំរូលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជន (PPP) លើដំណើរការនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារកម្ពុជាផងដែរ។
សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ដែលមានការចូលរួមពីលោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី តឹក រ៉េងកំរង រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម លោក Pierre Tami នាយកអង្គការ Shift 360 និងមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរេញ្ញវត្ថុ អង្គការជាតិ-អន្តរជាតិ សាលាបណ្តុះបណ្តាល សមាគមចុងភៅ និងភាគីឯកជនប្រមាណ ៣៥រូប។
សាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ ជាសាលាបណ្តុះបណ្តាលយុវជនកម្ពុជា លើជំនាញធ្វើម្ហូបស្របតាមកម្មវិធីសិក្សាអាស៊ាន ដែលក្រសួងទេសចរណ៍ បានដាក់ចុះ និងកម្មវិធីសិក្សារបស់សាលា Lusan ប្រទេសស្វីស។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ នឹងជួយបណ្តុះបណ្តាលយុវជនកម្ពុជា ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ របស់ក្រសួងទេសចរណ៍ ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្មជំនាញក្នុងវិស័យទេសចរណ៍ ដែលមានតម្រូវការខ្ពស់។
វគ្គសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ មានរយៈពេល២ឆ្នាំ ដែលសិស្សានុសិស្សនឹងមានការទទួលស្គាល់គុណវុឌ្ឍិ ពីលេខាធិការដ្ឋានអាស៊ានផងដែរ។ ជាទូទៅ យុវជនរៀនរយៈពេល២ឆ្នាំ ចេញធ្វើការទទួលបានប្រាក់បៀវត្សចាប់ពី ៤០០-៥០០ដុល្លារអាមេរិក ឬពួកគាត់អាចបង្កើតអាជីវកម្មក្នុងសេវាកម្មភោជនីយដ្ឋានដោយខ្លួនឯង។
សូមរំលឹកផងដែរថា រយៈពេល៦ខែដើមឆ្នាំ២០១៧ នេះកម្ពុជាទទួលបានទេសចរអន្តរជាតិជាង ២.៦លាននាក់ កើនឡើង ១២.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ ជាចក្ខុវិស័យ នៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ បង្កើតការងារជិត១លាននាក់ និងនាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៥ពាន់លានដុល្លារ។ ដើម្បីសម្រេចបានចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ នាឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានដាកចុះនូវផែនការសកម្មភាព និងយុទ្ធនាការរយៈពេលខ្លី និងមធ្យម ដោយផ្តោតលើមុំយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ទី១.ការបង្កើត និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មី ទី២.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ទី៣. ពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងទី៤. ការអនុវត្តបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យទេសចរណ៍ (E-Tourism)។
រហូតមកដល់បច្ចុប្បន្ន ក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប គ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិចំនួន ៥៤២រូប បានរៀបចំឯកសារបណ្តុះបណ្តាល ៩៧៦ក្បាល បានបណ្ដុះបណ្ដាលយុវជនកម្ពុជាតាមកម្មវិធីជំនាញទេសចរណ៍អាស៊ានប្រមាណ ២,០០០នាក់ ទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អាស៊ាន ចំនួន១២ និងលើកទឹកចិត្តការបង្កើតសាលាថ្មីៗ រួមមាន សាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ចំនួន២ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសាលាឯកជនមួយចំនួនទៀត៕