(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវតំណាងលោក ជា ពិសី អភិបាលខណ្ឌ បានចេញមកសន្យា ជាមួយតំណាង ប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពី៨ភូមិ ក្នុងសហគមន៍ផ្លូវរថភ្លើងទាំង៧ ដែលរងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ស្ថាបនាផ្លូវដែកទាំងសង្ខាង ឲ្យទៅជាផ្លូវបេតុងនៅពេលខាងមុខថាមិនយូរទេ លោកនឹងរកពេលវេលា ណាមួយឲ្យបានសមស្រប ដើម្បីឲ្យតំណាងប្រជាពលទាំងអស់ ចូលជួបសំណេះសំណាល និងពិភាក្សាផ្ទាល់ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្មី មិនខានឡើយ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ពិសេសជាងនេះទៅទៀតនោះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយកយន្ដការ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ដែលកំពុងទទួលរងនូវផលប៉ះពាល់លើការអភិវឌ្ឍន៍ ស្ថាបនាផ្លូវដែកទាំងសង្ខាង ឲ្យទៅជាផ្លូវបេតុងខាងលើនេះ ដើម្បីបញ្ជៀសបានទាំងការកកស្ទះចរាចរ និងលើកកម្ពស់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានសន្យាបែបនេះនៅក្នុងពេលដែលបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅអាគារB នៃសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីនាយករដ្ឋបាលខណ្ឌ លោក សន សោភ័ណ្ឌ លោកនាយករង លោកប្រធាន-អនុប្រធាន ការិយាល័យចំណុះជុំនាញជុំវិញខណ្ឌមួយចំនួន ដើម្បីពិភាក្សា ក្នុងការពន្លឿនរិះរកដំណោះស្រាយឲ្យបានឆាប់រហ័សជូនតំណាង ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ មកពី៨ភូមិ ក្នុងសហគមន៍ផ្លូវរថភ្លើងទាំង៧ ដែលរងផលប៉ះពាល់លើការអភិវឌ្ឍន៍ស្ថាបនាផ្លូវដែក ឲ្យទៅជាផ្លូវបេតុង របស់អាជ្ញាធរមូលដ្ឋានខណ្ឌ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ។
ក្នុងកិច្ចសហការពិភាក្សាដោះស្រាយ បញ្ហាប្រឈមលើផលប៉ះពាល់ ការអភិវឌ្ឍន៍ស្ថាបនាផ្លូវដែក ឲ្យទៅជាផ្លូវបេតុង រវាងអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ ជាមួយតំណាងប្រជាពលរដ្ឋមកពី៨ភូមិ ក្នុងសហគមន៍ផ្លូវរថភ្លើងទាំង៧នេះ ត្រូវបានតំណាងប្រជាពលរដ្ឋ ស្នើសុំទាមទាការអភិវឌ្ឍន៍នៅ និងកន្លែង និងក្នុងបំណងសុំកិច្ចអន្តរាគមន៍ ពន្លឿនការដោះស្រាយឲ្យបានឆាប់រហ័ស ដោយយោងតាមស្មារតីនៃ អង្គប្រជុំមួយកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ បានស្ដែងឲ្យដឹង ស្ដីពីការបើកការដ្ឋានរុះរើផ្លូវដែក ចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រហូតមកដល់ផ្លូវលេខ៧០ និងផ្លូវលេខR៦ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក និងចាប់ផ្ដើមធ្វើការឈូសឆាយស្ថាបនា ទៅជាផ្លូវបេតុងឆ្អឹងដែក ដើម្បីសម្រួលទាំងការកកស្ទះចរាចរ រួមនិងលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំបានសង្កត់ធ្ងន់ថា សាលារាជធានីភ្នំពេញ នឹងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្រក់ទឹកភ្នែកឡើយ ដោយដោះស្រាយ ផ្ដល់ដីជូនប្រជាពលរដ្ឋ ធ្វើការអភិវឌ្ឍន៍នៅនិងកន្លែង រួមនិងដោះស្រាយសំណងជូនប្រជាពលរដ្ឋឲ្យរួចរាល់ជាមុនសិន ទើបធ្វើការស្ថាបនាផ្លូវជាក្រោយ ក្នុងការអនុវត្តតាមយុទ្ធសាស្ត្រ ឈ្នះឈ្នះ ទាំងអស់គ្នា។
តំណាងប្រជាពលរដ្ឋមកពីសហគមន៍ទាំង៧ ក៍បានស្នើមកអាជ្ញាធរខណ្ឌឫស្សីកែវ ដើម្បីសុំជួបផ្ទាល់ជាមួយ លោក ឃួង ស្រេង ហើយក៍មានសង្ឃឹម និងជឿជាក់លើ អភិបាលរាជធានីភ្នំពេញថ្មី និងបន្តយកយន្ដការនៃការដោះស្រាយ លើផលប៉ះពាល់ធ្វើឲ្យប្រសើរ សុចរិតភាព តម្លាភាព និងមានការពិគ្រោះយោបល់ជាមួយអ្នករងផលប៉ះពាល់ ដែលជាភាគីពាក់ព័ន្ធ ចៀសវាង ភាពអសកម្មមួយចំនួន ដែលកើតឡើងដោយចេតនាក្ដី ឫអចេតនាក្ដី ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់គ្នាបានចូលរួម និងសហការដោះស្រាយជាមួយសាលារាជធានីភ្នំពេញ ដែលជាគំរូ និងជាផលប្រយោជន៍រួមសម្រាប់ជាតិទាំងអស់គ្នា៕