(ភ្នំពេញ)៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់នារីជាសង្សា នៅផ្ទះសំណាក់ «សារីធំ» ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ កាលពីជាង៨ខែមុន ហើយជនដៃដល់ត្រូវ បានមជ្ឈដ្ឋាននានា អះអាងថា ជាមន្ដ្រីអាវុធហត្ថដោយសារតែ ក្រោយកើតហេតុគេបានឃើញ វត្ថុតាង និងរូបថតរបស់ជនដៃដល់ ស្លៀកឯកសណ្ឋាន ជាមន្ដ្រីអាវុធហត្ថពាក់ស័ក្ដិ៤ ប៉ុន្ដែភាពមន្ទិលសង្ស័យ និងការយល់ច្រឡំរយៈពេល ប៉ុន្មានខែមកនេះ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីជនសង្ស័យ២នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថ តាមចាប់ខ្លួនពាក់ព័ន្ធការបន្លំឯកសារ និងការប្រើប្រាស់ឯកសណ្ឋានខុសច្បាប់របស់មន្ដ្រីអាវុធហត្ថ។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះថា ក្រោយពីជនដៃដល់ជាអ្នកប្រព្រឹត្តបាញ់សម្លាប់សង្សារបស់ខ្លួន ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន កាលពី ថ្ងៃម្សិលមិញនោះ នៅថ្ងៃនេះជនសង្ស័យ២នាក់ទៀត ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្ដែពួកគេមិនពាក់ព័ន្ធនឹងអំពើឃាតកម្ម នោះឡើយ គឺពាក់ព័ន្ធការបន្លំឯកសារ បោកជនដៃដល់ឲ្យចូលបម្រើការងារជាមន្ដ្រីអាវុធហត្ថ ព្រមទាំងប្រើប្រាស់ឯកសណ្ឋានខុសច្បាប់ របស់កងកម្លាំងអាវុធហត្ថទៀតផង។
ជុំវិញករណីយល់ច្រឡំ និងយល់ខុសរយៈពេលជាង៨ខែមកនេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១២និង៤០នាទី រំលងអធ្រាត្រ មានករណីបាញ់សម្លាប់នារីម្នាក់ នៅក្នុងបន្ទប់លេខ៤០៤ នៃផ្ទះសំណាក់សារីធំ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅពេលធ្វើសកម្មភាពរួចជនសង្ស័យ បានគេចខ្លួនបាត់។ ករណីឃាតកម្មនេះ ជារឿងរសើបមួយនៅក្នុងសង្គម ហើយក៏ធ្វើឱ្យប៉ះពាក់ដល់កិត្តិយស របស់កងរាជអាវុធហត្ថផងដែរ ព្រោះជនសង្ស័យនេះបានបន្សល់នូវវត្ថុតាងមួយចំនួន ដែលនាំឱ្យសាធារណជនយល់ច្រឡំថា ជនសង្ស័យនោះជាមន្ត្រីកងរាជអាវុធហត្ថ។
លោកបញ្ជាក់ទៀតថា «ទោះបីជាខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជូនព័ត៌មានធ្វើការ បដិសេធថា ឈ្មោះ អុំ សុផា នេះពុំមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថក៏ដោយ នៅតែមានបុគ្គលមួយចំនួនមិនជឿទេ ដោយសារជនសង្ស័យមានរូបថត ស្លៀកពាក់ឯកសណ្ឋាន កងរាជអាវុធហត្ថ ហើយពាក់សក្តិ៤ទៀត។ ខណៈនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការផ្តល់ព័ត៌មាន ឱ្យកម្លាំងកងរាជអាវុធហត្ថ នៅគ្រប់ទីកន្លែងទូទាំង ប្រទេស ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ កងរាជអាវុធហត្ថ នឹងជូនរង្វាន់លើកទឹកចិត្តចំនួន២០លានរៀល ដល់អ្នកដែលសហការផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួននេះ។ ជាមួយគ្នានោះដែរក្រោយពីការប្រកាសរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ភ្លាមនោះមានការគាំទ្រឧបត្ថម្ភផ្តល់ថវិកា១៥លានបន្ថែមទៀតពីសំណាក់ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឈន សាណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ ជោគ ហួត នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេស»។
អ្នកនាំពាក្យរូបនេះ បានថ្លែងទៀតថា ការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយឆន្ទៈក្លាហាន ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងក្នុងនាមជាកូនចៅរបស់ប្រជាជន បម្រើប្រជាជន កងរាជអាវុធហត្ថបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ធ្វើការទាំងយប់ទាំងថ្ងៃ គឺជាលទ្ធផលសម្រេចបានស្នាដៃ និងសមិទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ ជាក់ស្តែងការស្រាវជ្រាវស៊ើបអង្កេត ក្នុងរឿងក្តីឃាតកម្មខាងលើអស់រយៈពេលប្រមាណ៨ខែមកហើយ មន្ត្រីជំនាញយុត្តិធម៌ នៃកងរាជអាវុធហត្ថ ក្នុងនោះមានកងរាជ អាវុធហត្ថលើផ្ទៃប្រទេស (ស្នងការយុត្តិធម៌) កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា បានសហការគ្នាធ្វើកិច្ចប្រតិបត្តិការឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ អុំ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រារដ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញលេខ២០៧ អ.យ.ឋ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
ការចាប់ខ្លួនជននេះប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ១១និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ចំណុចភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នៅថ្ងៃដដែលនោះ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាអ្នកឆបោក និងក្លែងឯកសាររត់ការឱ្យជនសង្ស័យឈ្មោះ អុំ សុផា ចូលធ្វើអាវុធហត្ថ។ បន្ទាប់មកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនសង្ស័យម្នាក់ទៀតពាក់ព័ន្ធនឹងការឆបោក។
ជនសង្ស័យឈ្មោះ អុំ សុផា បានឆ្លើយសារភាពថា ពិតជាបានសម្លាប់សង្សាររបស់ខ្លួនមែន។ ជនសង្ស័យឈ្មោះ អុំ សុផា នេះត្រូវបានជនសង្ស័យ២នាក់ទៀត ឆបោក និងក្លែងឯកសារធ្វើជាកងរាជអាវុធហត្ថ ហើយខ្លួនគេបានទៅទិញឯកសណ្ឋានកងរាជអាវុធហត្ថនៅផ្សារទឹកថ្លាយកមកស្លៀកពាក់រហូត។ ជនសង្ស័យឈ្មោះ អុំ សុផា ដឹងថា ខ្លួនឯងពុំមានឈ្មោះនៅក្នុងកងរាជអាវុធហត្ថ នៅពេលដែលខ្លួនគេមើលឃើញការបដិសេធរបស់កងរាជអាវុធហត្ថនៅក្នុងហ្វេសប៊ុក។
សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ដែលប្រព្រឹត្តបទល្មើសឆបោកនិងក្លែងឯកសារសាធារណៈត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនរួចហើយ។
ផ្អែកលើលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ បានបង្ហាញច្បាស់ថា ជនសង្ស័យឈ្មោះ អុំ សុផា មិនមែនជាមន្ត្រីកងរាជអាវុធហត្ថ នោះទេ។ លោកបានបន្តថា «ខ្ញុំបាទសង្ឃឹមថា សាធារណជន និងបងប្អូនទាំងអស់ នឹងជឿជាក់ទុកចិត្តមកលើកងរាជអាវុធហត្ថទ្វេដង ព្រមទាំងចូលរួមសហការផ្តល់ព័ត៌មាននានា ដើម្បីរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុង សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរឡើង»។
សូមបញ្ជាក់ថា នារីម្នាក់ត្រូវបានសង្សារជាជនដៃដល់ដឹកមកដេកនៅផ្ទះសំណាក់ «សារីធំ» ជួលនៅបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេខណ:ជនដៃដល់ រត់គេចខ្លួនបាត់។ ករណីបាញ់ប្រហារខាងលើនេះបានកើតឡើង នាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ៕