(ភ្នំពេញ)៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមការងារ ចុះបើកប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជនជាច្រើនគ្រួសារ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ នៅខេត្តចំនួន៣រួមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តតាកែវ។
នៅក្នុងឪកាសចុះបើកប្រាក់ ជូនគ្រួសារអតីតយុទ្ធជន នៅថ្ងៃទី០៩ ខែសីហា នៅខេត្តកោះកុង លោក រឿន រិទ្ធីរ័ត្ន
បានសម្តែងនូវក្តីអាលោះអាល័យ និងកោតសរសើរចំពោះ វីរភាពរបស់ អតីតយុទ្ធជន ដែលបានលះបង់ គ្រប់បែប យ៉ាង ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជូនមាតុភូមិ កម្ពុជាយើង។ កត្តាសន្តិភាពនេះ ទើបប្រទេសជាតិ យើងមានការអភិវឌ្ឍ លើគ្រប់វិស័យ ដែលក្នុងនោះ វិស័យអតីតយុទ្ធជន ក៏មានការរីកចម្រើនគួរជា ទីមោទនៈ ផងដែរ។
នៅថ្ងៃដដែលនោះដែរ ក្នុងខេត្តកំពតវិញ ខណៈ លោក រឿន រិទ្ធីរ័ត្ន និងក្រុមការងារ បានចុះបើកប្រាក់ ជូនគ្រួសារអតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន បានថ្លែងថា សន្តិភាពគឺជាកត្តាមួយយ៉ាងសំខាន់សម្រាប់ប្រជាជន និងប្រទេសជាតិនីមួយៗ ដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន។ នាយកបេឡជាតិអតីតយុទ្ធជន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ សំដៅធ្វើយ៉ាងណាឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។
ចំណែកឯថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅខេត្តតាកែវវិញខណៈលោក ចុះបើកប្រាក់ជូនគ្រួសារអតីតយុទ្ធជន លោក រឿន រិទ្ធីរ័ត្ន បានឲ្យដឹងថា ក្រុមការងារបានយកថវិកាដែលជាប្រាក់របបគោលនយោបាយ របស់ រាជរដ្ឋាភិបាល ផ្តល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ដល់មូលដ្ឋានផ្ទាល់នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ បងប្អូន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដើម្បីតបស្នងការលះបង់ដ៏ធំធេងរបស់ពួកគាត់ ក្នុងការការពារ បូរណភាពទឹកដី។
លោកនាយក បានប្រាប់ដល់គ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ថា « បើខឹងគោ សូមបងប្អូន ពូមីង កុំវ៉ៃរទេះ»។ ក្នុងន័យនេះលោកនាយកចង់ឲ្យប្រជាជនត្រូវគិតឲ្យបានច្បាស់ បើមានការអាក់អន់ស្រពន់ចិត្ត នឹងមន្រ្តី នៅមូលដ្ឋាន កុំខឹងរាជរដ្ឋាភិបាល។ ដូច្នេះ ទើបក្រុមការងារចុះស្វែងយល់ និងជួយដោះស្រាយជូនរាល់ ទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់។
នាឱកាសនោះផងដែរ លោកនាយកបេឡាជាតិអតីតយុទ្ធជន លោកប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន និងក្រុម ការងារ បានបន្តចុះសួរសុខទក្ខ និងនាំយកនូវអំណោយ និងថវិការបស់រាជរដ្ឋាភិបាល ផ្តល់ជូនអតីតយុទ្ធជន ក្រីក្រលំបាកចំនួន ០២គ្រួសារ នៅមូលដ្ឋាននោះ ដោយក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី មួយយួរ ទឹកស៊ីអ៉ីវមួយយួរ ត្រីខកំប៉ុង។
ជាមួយគ្នានោះ លោក រឿន រិទ្ធីរ័ត្ន ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្ររាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងដឹកនាំប្រទេសជាតិ យើងឲ្យកាន់តែមាន ភាពរីកចម្រើន ដូចបណ្តា ប្រទេសដទៃទៀត៕