(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកព្រៃឈរ បាននាំយកអំណោយជាថវិកា ប្រមាណ ២០លានរៀល ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ចំនួន ១៩១នាក់ (ក្នុង១នាក់ ទទួលបាន១០ម៉ឺនរៀល) មកពីគ្រួសារចំនួន១៧៥ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ថវិកាត្រូវបានប្រគល់ដៃ របស់ប្រជាពលរដ្ឋរងគ្រោះតាមរយៈលោក ឃឹម សិរីវង្ស លោក ប៉ាវ ហេងតារា និងលោក ស៊ុន ដារ៉ាវន្ត តំណាងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះពង្រឹងស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក ឃឹម សិរីវង្ស បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ និងសេចក្តីនឹងរលឹករបស់ប្រធានក្រុមការងារ ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់នៅក្នុងភូមិកំពង់សំណាញ់ ខណៈរូបលោក កំពុងជាប់បំពេញបេសកម្មនៅសហរដ្ឋអាមេរិក ដែលប្រការនេះឆ្លុះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកអនុប្រធានក្រុមការងារ ក៏បានលើកទឹកចិត្តដល់ប្រជាជនរងគ្រោះ បន្តរាយការណ៍អំពីបញ្ហាប្រឈមផ្សេងៗ ជូនថ្នាក់ដឹកនាំមូលដ្ឋាន និងថ្នាក់ខេត្ត ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ដើម្បីទទួលបានដំណោះស្រាយ និងការជួយឧបត្ថម្ភបន្ថែម។
លោក ស្រ៊ុន ផល និងអ្នកស្រី រស់ សី តំណាងប្រជាពលរដ្ឋនៅក្នុងភូមិកំពង់សំណាញ់ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលជានិច្ចជាកាលតែងគិតគូរអំពីសុខទុក្ខនិងជីវភាព រស់នៅរបស់ប្រជាជនគ្រប់ទីកន្លែងសមដូចពាក្យ «ទីណាមានការលំបាក ទីនោះតែងមានគណបក្សប្រជាជនកម្ពុជា»។
សូមជម្រាបថា អំណោយជាថវិកាដែលក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងស្រុកព្រៃឈរ បានប្រគល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋ រងគ្រោះនាព្រឹកនេះ គឺដើម្បីរួមចំណែកជួយសម្រាលទុក្ខលំបាករយៈពេលខ្លី បន្ថែមលើអំណោយជាស្បៀង និងគ្រឿងឧបភោគ-បរិភោគ ដែលក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភជូនបងប្អូនប្រជាជនរងគ្រោះកាលពី សប្តាហ៍មុន៕