(ភ្នំពេញ)៖ នៅមុននេះបន្តិចនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាស មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់បុគ្គលណា ដែលប្រើប្រាស់សម្លេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស ដោយផ្សារភ្ជាប់ជាមួយគណបក្សសង្រ្គោះជាតិ។ នោះមានន័យថា បុគ្គលណាដែលប្រើបា្រស់សម្លេង និងរូបភាព ដោយឃុបឃិតជាមួយទណ្ឌិតជាប់ទោស គណបក្សមិនទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុនបន្តិចឲ្យដឹងថា ការយល់ព្រមដោយចំហរ ឬដោយតុណ្ហីភាព ឬឃុបឃិតជាមួយទណ្ឌិត ជាប់ទោស ពីបទឧក្រិដ្ឋ ឬបជ្ឍឹម ឲ្យធ្វើសកម្មភាពណាមួយ ដែលផ្សារភ្ជាប់ពាក់ព័ន្ធនឹងគណបក្សសង្រ្គោះជាតិ គឺគណបក្សមិនទទួលខុសត្រូវ។
ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមុននេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហោះនូវខ្លឹមសារថា «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ហាមតែគណបក្សនយោបាយទេ តែមិនហាមចំពោះបុគ្គលឡើយ។ ដូច្នេះក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំនៅតែមានសិទ្ធិនិយាយ ឬយករូបភាពមកផុសក្នុងគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ចំពោះមនុស្សដែលខ្ញុំគោរពស្រលាញ់ ហើយត្រូវក្រុមអ្នកមានអំណាចចាត់ជាអ្នកទោស»៕