(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យ២នាក់ ក្នុងករណីរំលោភសម្លាប់ និងប្លន់យកទ្រព្យសម្បតិ្ដ ពីនារីបុគ្គលិកកាស៊ីណូ «Good Luck» នៅក្រុងបាវិត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ នៅល្ងាចថ្ងៃទី១០ ខែសីហានេះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទោទោសតាមច្បាប់។
សូមជម្រាបថា អំពើឃាតកម្មដ៏សាហាវរំលោភសម្លាប់ រួចប្លន់យកទ្រព្យសម្បត្តិមានខ្សែក និងជញ្ជៀន ពីនារីបុគ្គលិកបម្រើការងារនៅកាស៊ីណូ «Good Luck» នាក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្វើឲ្យមានការចាប់អារម្មណ៍ និងថ្កោលទោសឃាតក តាមបណ្ដាញសង្គម Facebook តៗគ្នានោះ នៅពេលនេះកម្លាំងនគរបាលខេត្តស្វាយរៀង បានតាមចាប់ខ្លួនជនសង្ស័យជាឃាតកចំនួន២នាក់ បានហើយនៅភ្នំពេញ និងនៅស្វាយរៀងតែម្តង ដែលពួកគេមានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ី។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានបញ្ជាក់ថា ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ឆើយ សុជាតិ អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផ្លៀក មុន្នី ត្រូវបានកម្លាំងរបស់លោក ធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លូន នៅស្វាយរៀង នាវេលាម៉ោង៨ព្រឹកមិញ និងតាមទៅចាប់ម្នាក់ទៀតនៅមុខសណ្ឋាគារឡឺប្រេស៊ីដង់ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយសហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ មានមុខរបរជាអ្នកបើករថយន្ដតាក់ស៊ី រស់នៅភូមិព្រៃតាញ៉យ ឃុំខ្សែត្យ ស្រុកកំពង់រោ ខេត្តស្វាយរៀង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មុនពេលកើតហេតុនារីរងគ្រោះ បានជិះក្នុងរថយន្ដតាក់ស៊ី ម៉ាក Highlander ឆ្ពោះទៅខេត្តស្វាយរៀង ហើយពេលទៅដល់ជីភូ ជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើករថយន្ដតាក់ស៊ីផងដែរនោះ បានទុករថយន្ដរបស់ខ្លួនចោល ហើយឡើងរថយន្ដ Highlander រួមគ្នាធ្វើសកម្មភាពរំលោភសម្លាប់ រួចហើយប្លន់យកខ្សែកមួយខ្សែ និងជញ្ជៀនមួយវង់ គេចខ្លួនតែម្ដង។
សូមបញ្ជាក់ថា នារីរងគ្រោះអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសាកសព ដែលត្រូវបានគេរំលោភសម្លាប់។
លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា នារីរងគ្រោះដែលត្រូវរំលោភសម្លាប់នេះ ឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ បុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយប្រទះឃើញសព នៅកណ្ដាលវាលស្រែង ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នារីជនរងគ្រោះត្រូវបានក្រុមគ្រួសារមកប្ដឹងថា បានបាត់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។
លោកស្នងការ បានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះ នៅពេលនាងជិះរថយន្ដតាមផ្លូវគ្រួសារបានតេសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះថា មកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។ ក្រោយបាត់ដំណឹងភ្លាមក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យនគរបាលជួយអន្ដរាគមន៍តាមរក។
ជាមួយគ្នានោះ លោកស្នងការ ស្ថានភាពគ្រួសាររបស់ស្ដ្រីរងគ្រោះមានសភាពក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តព្រះវិហារក៏គ្មានផង ប៉ុន្ដែលោកបានឲ្យឡានសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកសពយកទៅស្រុកកំណើតផងដែរ៕