(ភ្នំពេញ)៖ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញមានសំណង់បេតិកភណ្ឌ ប្រវត្តិសាស្ត្រជាច្រើន បើអាចអាជ្ញាធររាជធានី ភ្នំពេញ គួររៀបចំឲ្យមានការតាំងបង្ហាញអគារបេតិកភណ្ឌណាមួយ ហើយបើកឲ្យភ្ញៀវ ចូលទស្សនាដូចនៅទីក្រុងប៉ារីស បានធ្វើដើម្បីបង្ហាញ និងទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកាន់តែច្រើនថែមទៀត។

លោកស្រី Eva Nguyen Binh បានថ្លែងបែបនេះក្នុងឧិកាស លោកស្រីជួបសំណេះសំណាលជាមួយលោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ឆ្នាំសីហា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ ​លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានថ្លែងកោតសរសើរពីកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉ារីស និងរាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ពន្ធ័ភាព និងជាសមាជិកសមាគមអភិបាលក្រុង និយាយភាសារបារាំង(AIMF) ក្នុងនោះ មានកិច្ចសហការលើផ្នែកចរាចរ ដឹកជញ្ជូន ការងារទឹកស្អាត និងការងារបច្ចេកទេស ជាដើម។ លោកស្រី Eva Nguyen Binh ក៏បានថ្លែងអបអរសាទរតំណែងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ​ស្រេង ផងដែរ។
 
លោកស្រីបានបញ្ជាក់ផងដែរថា «មានអ្នកខ្លះលើកឡើងថា រាជធានីភ្នំពេញ មានការលំបាកក្នុងការធ្វើដំណើរដោយសារកកស្ទះ ចរាចរណ៍។ តែនេះមិនមែនជាបញ្ហាទេ ផ្ទុយទៅវិញ ខ្ញុំមានមោទនភាព និងរីករាយក្នុងការស្នាក់នៅបំពេញការងារនៅរាជធានីភ្នំពេញ»

ជាការឆ្លើយតបលោក ឃួង ស្រេង លើកឡើងថា ការរីកចំរើនរបស់រាជធានីភ្នំពេញ ពិតជាទទួលបានការរួមចំណែកពីភាគីបារាំង។ ក្នុងនោះបារាំង បានរួមចំណែកបង្កើតប្លង់គោលជាថ្មីសំរាប់រាជធានីភ្នំពេញ ដែលជាត្រីវិស័យសំរាប់ការអភិវឌ្ឍន៍ តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍន៍បត់បែនច្រើនដំណាក់កាល របស់រាជធានីភ្នំពេញ ក៏ដូចជា ការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុងផងដែរ៕