(ព្រះសីហនុ)៖ ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹមប្រមាណជា ១១៩គ្រួសារ ស្មើនិងជិត៥០០នាក់ សូមស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយជម្រុញអោយអាជ្ញាធរខេត្តព្រះសីហនុ មេត្តាចុះវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ដោយស្របច្បាប់ បន្ទាប់រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ១៦៥អនក្របក ស្តីពីការបង្កើតសង្កាត់កោះរ៉ុងសន្លឹមរួចមក ដើម្បីពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការកាន់កាប់ដីរបស់ខ្លួនដោយស្របច្បាប់ ខណៈពេលនេះកំពុងមានអ្នកមានលុយ មានអំណាចកំពុងធ្វើទុក្ខបុកម្នេញរំលោភយកដីរបស់ពួកគាត់ ។
លោក ម៉ែន កាណុង តំណាងឲ្យប្រជាពលរដ្ឋចំនួន១១៩គ្រួសារ ដែលរស់នៅលើកោះសន្លឹមតាំងពីឆ្នាំ១៩៨០មកម្លេះបាន លើកដៃប្រណមសំពះសុំការប្រោសប្រណី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយជំរុញអោយអាជ្ញាធរខេត្តព្រះសីហនុ ចុះមកវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ ដើម្បីឲ្យពួកគាត់អាច មានលទ្ធភាពសុំច្បាប់សាងសង់សំណង់ផ្សេងៗ ដើម្បីប្រកបអាជីវកម្មរកចំណូលពីវិស័យទេសចរណ៍ចិញ្ចឹមជីវិត ដោយផ្លាស់ប្តូរពីការនេសាទ សមុទ្រដែលប្រឈមនូវការគ្រោះថ្នាក់ ដល់ជីវិតដោយប្រការផ្សេងៗជាដើម និងដើម្បីជៀសវាងពីការរំលោភកាន់កាប់ដីពីសំណាក់អ្នកមានអំណាចមានលុយជាដើម ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តព្រះសីហនុ ហៅកាត់ថា (CNRO) ដែលបានស្រាវជ្រាវដល់ទីតាំងនេះក៏បានឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះមានអ្នកមានលុយ មានអំណាចបាននិងកំពុងធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផល លើកោះរ៉ុងសន្លឹមនេះជាយូរឆ្នាំមកហើយ នេះក៏ព្រោះតែអាជ្ញាធរមិនបានចុះមកវាស់វែង និងផ្តល់ប័ណ្ណកម្មសិទ្ធិដីជូនពួកគាត់ដោយស្របច្បាប់។
ជាងនេះទៅទៀតលោកបានថ្លែងថា ប្រជាពលរដ្ឋបានដាក់ពាក្យសុំវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិដីទៅរដ្ឋបាលខេត្តព្រះសីហនុរួចរាល់អស់ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតដែនដីរដ្ឋបាលនេះជាសង្កាត់កោះរ៉ុងសន្លឹម ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាក្រុង និងខេត្តព្រះសីហនុ ប៉ុន្តែអាជ្ញាធរហាក់ដូចជាព្រងើយកន្តើយ មិនរវីរវល់បន្តិចសោះឡើយ ។ លោក សុខ សុខុម ក៏បានស្នើឲ្យអាជ្ញាធរមេត្តារូតរះក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់ដើម្បីជៀសវាងមានទំនាស់កើតឡើងនាពេលអនាគតផងដែរ៕