Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូន ប្រធានាធិបតី ស៊ី ជិនពីង ក្រោយមានករណីរញ្ជួយដី នៅប្រទេសចិន បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង១០០នាក់

10-08-2017 13:28

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ បានផ្ញើព្រះរាជសាររំលែកទុក្ខ ជូនលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បន្ទាប់ពីប្រទេសនេះ បានរងគ្រោះដោយគ្រោះរញ្ជួយដី បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។

ក្នុងព្រះរាជសារព្រះមហាក្សត្របានបញ្ជាក់ថា «ខ្ញុំមានការសោកស្តាយយ៉ាងជ្រាលជ្រៅដោយបានដឹងថា មានមនុស្សជាច្រើនត្រូវបានសម្លាប់និងរងរបួសបន្ទាប់ពីការរញ្ជួយព្រះធរណីដ៏ខ្លាំងមួយបានវាយប្រហារ ទីក្រុងជីហ្សូហ្គូដែលជាតំបន់ទេសចរដ៏ពេញនិយមនៅក្នុងខេត្តស៊ីឈួនភាគនិរតីប្រទេសចិន។

ក្នុងនាមរាជវង្សានុវង្សនិងប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរឯកឧត្ដមឧត្ដមប្រធានាធិបតី និងតាមរយៈព្រះរាជសារផ្ញើរជូនឯកឧត្តមនេះ ខ្ញុំសូមផ្ញើរជូនប្រជាជនដ៏មហិមានៃប្រទេសចិន ជាពិសេសក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះ នូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងការអាណិតអាសូរជាពន់ពេក»

សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានវាយប្រហារតំបន់មួយកន្លែងក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារ បានកើនដល់ ១៣នាក់ ហើយ ខណៈអ្នករងរបួសក៏បានឡើងដល់ ១៧៥នាក់ ផងដែរ។

គ្រោះរញ្ជួយផែនដីដ៏អាក្រក់នេះ បានកើតមានឡើងនៅចំស្រុក Jiuzhaigou កាលពីវេលាម៉ោង៩៖១៩នាទីយប់ ថ្ងៃអង្គារ ហើយបើតាមមជ្ឈមណ្ឌលស្ទាបស្ទង់គ្រោះរញ្ជួយដីចិន វាមានជម្រៅប្រមាណ ២០គីឡូម៉ែត្រ នៅក្រោមដីតែម្តង ខណៈគិតត្រឹមព្រឹកថ្ងៃពុធនេះ មនុស្សចំនួន ១៣នាក់ បានបាត់បង់ជីវិត និង ១៧៥នាក់ ផ្សេងទៀតបានទទួលរបួស។

ប្រធានធិបតីចិនលោក ស៊ី ជិនពីង រួមទាំងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang ក៏បានបង្គាប់ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយសង្រ្គោះ អ្នកដែលបានទទួលរបួសដោយសារគ្រោះរញ្ជួយដីនេះ ជាបន្ទាន់ផងដែរ៕