(ភ្នំពេញ)៖ ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុននាំមុខគេ នូវប្រព័ន្ធអេឡិចត្រូនិច បានបង្ហាញមកនូវផលិតផលថ្មីៗជាច្រើនមុខ ចូលមកទីផ្សារកម្ពុជា ដើម្បីបន្ដចែកចាយដល់អតិថិជនទាំងអស់ ដែលតែងតែគ្រាំទ្រ ព្រមទាំងជប់លៀងថ្លែងអំណរដល់អតិថិជន ដែលបានជឿជាក់ផលិតផល LG នេះអស់រយៈពេលជាយូរមកហើយ។
នៅដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុន LG បាននាំមកនូវផលិតផលថ្មីៗជាច្រើន ចូលមកទីផ្សារកម្ពុជា រួមមាន ទូរទស្សន៍ស្ដើងជាគេលើលោក ជាមួយនឹងអេក្រង់ OlED ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ព្រមទាំងស្មាតហ្វូនជាច្រើនមុខទៀត ហើយដើម្បីថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបានជឿជាក់គាំទ្រផលិតផល LG ក្រុមហ៊ុនបានរៀបចំកម្មវីធីជប់លៀងជួបជុំដ៏ធំមួយ ដោយពិសាភោគជនីយអាហារ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ។
លោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LG Electronices បានថ្លែងឲ្យដឹងថា «ខ្ញុំមានមោទនភាពណាស់ដែលបាន ចាប់ដៃគូជាមួយនឹងក្រុមហ៊ុន តំណាងចែកចាយគឺក្រុមហ៊ុន G-Gear ដែលជាក្រុមហ៊ុនឈានមុខមួយ ក្នុងការធ្វើការចែកចាយផលិតផលអេឡិចត្រូនិច ប្រើប្រាស់ក្នុងផ្ទះ រួមទាំង ទូរស័ព្ទដៃ ហើយខ្ញុំជឿជាក់ថា ភាពជាដៃគូររបស់យើងពិតជា ធ្វើឲ្យក្រុមហ៊ុន
ទាំងពីររីកលូតលាស់ទៅ បានយ៉ាងឆាប់រហ័ស»។
លោកបានបន្ដទៀតថា ក្រុមហ៊ុន LG Electronics បានមានវត្តមាននៅប្រទេសកម្ពុជាយូរណាស់មកហើយ ដោយបានធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងការលក់ និងទីផ្សារនៃគ្រឿងអេឡិចត្រូនិក ចាប់ពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកបន្ថែមនូវផលិតផលផ្សេងៗ ដូចជាបណ្ដាញចែកចាយទូទាំងផ្ទៃប្រទេស ទាំងបណ្ដាញលក់រាយ និងទីផ្សារលក់ដុំទៀតផងដែរ។
លោក សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានថ្លែងឲ្យដឹងថា «ក្រុមហ៊ុន G Gear ពិតជាមានមោទនៈភាពណាស់ ដែលបានចាប់ដៃគ្នាយ៉ាងរ៉ឹងមាំ ជាមួយក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុននាំមុខគេនៅក្នុងពិភពលោក ដើម្បីបម្រើនូវតម្រូវការទីផ្សារបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ យើងខ្ញុំមិនមែនគ្រាន់តែដើរតួជាអ្នកចែកចាយ តែមួយមុខនោះទេ
តែយើងខ្ញុំបានដើរតួជាអ្នកតំណាងដ៏ល្អរបស់អស់លោក លោកស្រីដើម្បីពិភាក្សាជាមួយក្រុមហ៊ុន LG Electronics ក្នុងការពង្រឹង និងពង្រីកទីផ្សាររបស់យើងទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជាទាំងមូល»។
លោកបានបញ្ជាក់ទៀតថា ការកើនឡើងនូវតម្រូវការ និងការផ្តល់ទំនុកចិត្តកាន់តែខ្លាំង ពីអតិថិជនដែលជាអ្នកប្រើប្រាស់ គឺមិនមែនគ្រាន់តែបានមកពីការផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន LG Electronics នោះទេ តែដោយសារតែក្រុមហ៊ុន បានប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទាំងអស់ និងជាបច្ចេកវិទ្យាដែលក្រុមហ៊ុនដែលជាដៃគូ ប្រកួតប្រជែងមិនអាចធ្វើបាន៕