(កំពង់ធំ)៖ ជំទប់ទី២ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា និងសកម្មជនបក្សម្នាក់ទៀត ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់ ខណៈជនរងគ្រោះ ទាំង២នាក់ កំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ៦ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបេង ស្រុកបារយណ៍។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកវ៉េអាហ្វាពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមានរថយន្តម៉ាកស៊ីណា ពណ៌ស្ករពាក់ស្លាកភ្នំពេញ 2-AE8801 បើកលឿនដូចព្រួញពីជើងទៅត្បូង លុះដល់កន្លែងកើតហេតុ ក៏បុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត របួសធ្ងន់ដាច់ ជើងខាងឆ្វេង ដោយឡែកចំណែកតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
មន្រ្តីនគរបាល បានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា ឈន់អេង អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ អោ ណាត អាយុ៦៧ឆ្នាំ ជាសកម្មជនបក្ស មានទីលំភូមិពង្រលីង ឃុំក្រវ៉ា ស្រុបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកបារាយណ៍សន្ទុក តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនារាជធានីភ្នំពេញ។
បច្ចុប្បន្នបន្ទាប់ពីធ្វើការកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងស្វែងរកជនបង្កឲ្យចូលខ្លួន ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕