(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា ព្រះរាជាគណៈថ្នាក់ទោនិងជាសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ មានសង្ឃដីកាថា ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានរៀបចំវគ្គបណ្តុះបណ្តាល និងធ្វើបាឋកថាប្រចាំខែ ដើម្បីបន្ថែមចំណេះដឹង ជូនសមនិស្សិត-សិស្ស។ ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា មានសង្ឃដីកាបន្តថា វគ្គបណ្តុះបណ្តាល និងធ្វើបាឋកថាប្រចាំខែ គឺពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានអញ្ជើញវាគ្មិនល្បីៗ មានចំណេះដឹង មានបទពិសោធន៍ច្រើន ដើម្បីចែកជូនដល់ សមនិស្សិត -សិស្សគ្រប់ៗគ្នា។
ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា មានសង្ឃដីកាបែបនេះ ខណៈចូលរួម នៅក្នុងសិក្ខាសាលាវគ្គខ្លីមួយដែល រៀបចំធ្វើ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅពុទ្ធិកសាកល វិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ។
ព្រះតេជគុណមានសង្ឃដីកាថា ការសិក្សានៅក្នុងថ្នាក់ ជាផ្នែកមួយសំខាន់ហើយ ប៉ុន្តែការធ្វើបទបង្ហាញពី វាគ្មិន ជំនាញៗ ដែលមានបទពិសោធន៍ គឺជារឿងមួយដែលមិនអាចខ្វះបាន ក្នុងការបំពេញ និងទទួលបាន ចំណេះដឹង ល្អៗ បន្ថែមទៀត។
ព្រះធម្មឃោសាចារ្យ ឃី សុវណ្ណរតនា មានសង្ឃដីកាថា យើងកាន់តែពង្រឹងបន្ថែមលើសមត្ថភាព សាស្រ្តចារ្យ គ្រូបង្រៀន និងអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយមជ្ឈដ្ឋានខាងក្រៅឲ្យបានច្រើន។ បន្ថែមពីលើនេះ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជដ៏ចំណាស់មួយនេះ នឹងបង្កើតឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ជាមួយបណ្តាប្រទេសនានាផងដែរ។
ហើយនាថ្ងៃអនាគត ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ នឹងវិវត្តន៍ពេញលេញ ទៅជាសាកលវិទ្យាល័យទំនើប មួយ នៅក្នុងប្រទេសកម្ពុជា ដូចជា អគារសិក្សា បន្ទប់សិក្សា ប័ណ្ណាល័យ កន្លែងអង្គុយលេង របស់សមណនិស្សិត គ្រប់រូប។
ជាមួយគ្នានោះ សាស្រ្តចារ្យ ព្រើន សុវង្ស ជាព្រឹទ្ធបុរសរង ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានលើកឡើងថា ទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ចាប់ផ្តើមធ្វើវគ្គសិក្ខាសាលានេះ ជាច្រើនដងមកហើយ ស្របតាមអនុសាសន៍របស់គណៈកម្មាវាយតម្លៃគុណភាព ដែលតម្រូវឲ្យមានការៀបចំសិក្ខាសាលា ឬបាឋកថាជា ប្រចាំខែ។ម្យ៉ាងទៀតនេះ ជាតម្រូវការរបស់និស្សិតផង និងជាកាតព្វកិច្ចរបស់សាកលវិទ្យាល័យដូចគ្នា។
លោក ព្រើន សុវង្ស បន្តថា កន្លងមក មានប្រធានបទជាច្រើន តួនាទីសាសនាផ្សារភ្ជាប់នឹងតួនាទីសង្គម តួនាទីទស្សនវិជ្ជា ក្នុងសេដ្ឋកិច្ច និងសន្តិភាពជាដើម។ លោកបន្ថែមថា វគ្គសិក្ខាសាលា និង បាឋកថា អាចផ្តល់ចំណេះដឹង មានសមត្ថភាព មានលទ្ធភាព នៃការធ្វើកិច្ចការងារ នៅពេលបញ្ចប់ការសិក្សា។
គិតមកដល់ឆ្នាំសិក្សា ២០១៧-២០១៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទទួលបាន សមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបទាំង៣ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង មានចំនួន១១៣៨អង្គ/នាក់ ក្នុងនោះ មានបព្វជិត៤៨៥អង្គ៕