(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងនគរបាលស្រុកអូរយ៉ាដាវ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ បានចុះបង្ក្រាបរថយន្ត២គ្រឿង លួចបន្លំដឹកឈើក្រញូង លោតឆ័ត្រឆ្ពោះទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ដោយទទួលព័ត៌មានពីបណ្តាញកម្លាំងសម្ងាត់រួចមក លោកសុំយោបល់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ដាក់កម្លាំងស្ទាក់ចាប់តែម្តង។
លោកវរសេនីយ៍ត្រី សុខ មីន បានបន្តថាភ្លាមៗនោះ អ្នកបើករថយន្តដឹកបទល្មើស បានរត់គេចខ្លួនបាត់បន្សល់វត្ថុតាងរថយន្ត២គ្រឿង និងឈើក្រញូងរួច បាននាំមករក្សាទុកនៅអាវុធហត្ថស្រុកអូរយ៉ាដាវ ដោយរថយន្ដបាឡែនផ្ទុក ឈើក្រញ៉ូង៥៦០គីឡូក្រាម និងឈើធ្នង់១,០៥២គីឡូក្រាម។
បច្ចុប្បន្នរថយន្ត២គ្រឿង រួមជាមួយឈើក្រញូង និងឈើធ្នង់ បានប្រគល់ជូនរដ្ឋបាលព្រៃឈើផ្នែកបរកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ។
គួរបញ្ជាក់ថា បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការដឹកជញ្ជូនឈើទៅវៀតណាមយ៉ាងណាក៏ដោយ តែឈ្មួញហាក់ដូចជាមិនខ្លាចច្បាប់ពោល គឺនៅតែបន្តសកម្មភាព៕