(បាត់ដំបង)៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

មន្ត្រីអាវុធហត្ថខេត្តបានថ្លែងប្រាប់ភ្នាក់ាងារ Fresh News ប្រចាំខេត្តបាត់ដំបងឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានក្នុងប្រតិបត្តិការ បង្រា្កបករណីជួយដូរគ្រឿងញៀន ខុសច្បាប់នេះ មានឈ្មោះ កែ យសសក្តិ អាយុ៣២ឆ្នាំ មុខរបរគ្មានមានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ជាមុខសញ្ញាដ៏សកម្មដែលធ្វើសកម្មភាព ជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានខាងលើនេះ។

វត្ថុតាងដកហូតបានរួមមានទី១៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់ទម្ងន់៥៤,៥០ក្រាម ទី២៖ គ្រឿងញៀនប្រភេទយ៉ាម៉ាគ្រាប់ WY ចំនួន៣ គ្រាប់ ទី៣៖ គ្រឿងញៀនប្រភេទកេតាមីនចំនួន១កញ្ចប់, ទី៤៖ ទូរស័ព្ទដៃ៨គ្រឿង, និងទី៥៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៧ គ្មានផ្លាកលេខ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងដើម្បីបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕