(ភ្នំពេញ)៖ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចលើកពេលប្រកាស សាលដីកា ទៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះវិញ។ នេះបើយោងតាមលោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានប្រាប់អង្គភាពព័ត៌មាន Fresh News។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំនិងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំនួន១០០រៀល ។
លោកចៅក្រម អ៊ី ថាវរៈ ក៏បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនលោកស្រី ថាក់ ឡានី ផងដែរ ខណៈជនជាប់ចោទបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ ។
លោកស្រី ថាក់ ឡានី ជាប់ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី អ្នកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ។
ដើម្បីស្វែងរកភាពយុត្តិធម៌ និង ភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងអ្នកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀល ប៉ុណ្ណោះ ៕