(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ នឹងធ្វើសន្និសីទកាសែតមួយស្ដីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។
សន្និសីទនេះ ធ្វើឡើងរួមគ្នា ជាមួយលោក Law Chi Kwong រដ្ឋលេខាធិការ នៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង នៅទីស្ដីការក្រសួងការងារ។ សន្និសីទកាសែតនេះ នឹងប្រព្រឹត្តទៅក្រោយបញ្ចប់កិច្ចពិភាក្សាការងារផ្តោតទៅលើការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។
ការធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនចំនួន៦ ប្រតិបត្តិការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលការិនីជំនួយការមេផ្ទះ ទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង៕