(ភ្នំពេញ)៖ ប្រធានក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា បានចាត់ទុកកងពលតូចលេខ៧០ ជាកងពលសំខាន់បំផុត ដែលទទួលខុសត្រូវ ក្នុងការការពាររាជធានីភ្នំពេញ។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកវរសេនីយ៍ឯក Sunaryo S.Sos អនុព័ន្ធយោធាឥណ្ឌូណេស៊ី និងជាប្រធាន ក្រុមអនុព័ន្ធយោធាបរទេសនៅកម្ពុជា បានដឹកនាំអនុព័ន្ធយោធាមកពី១១ប្រទេស មកចូលរួមទស្សនកិច្ចនៅកងពលតូចលេខ៧០ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
អនុព័ន្ធយោធាមកពី១១ប្រទេសនោះរួមមាន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី មីយ៉ាន់ម៉ា អនុព័ន្ធយោធាជើងគោក ជើងទឹក និងជើងអាកាសថៃ ហ្វីលីពីន ឡាវ និងឥណ្ឌូណេស៊ី។
លោកវរសេនីយ៍ឯក Sunaryo S.Sos បានបញ្ជាក់ក្រោយជំនួបថា កងពលលេខ៧០ គឺជាកងពលដែលទទួលខុសត្រូវ ក្នុងការការពារសន្តិសុខ សុវត្ថិភាព រាជធានីភ្នំពេញ និងក្នុងការជួយសង្គ្រោះដល់ប្រជាជនកម្ពុជា។ លោកថាកងពលលេខ៧០ គឺជាអង្គភាពដែលត្រូវតែបន្តជួយបណ្តុះបណ្តាលផ្នែក ធនធានមនុស្សដើម្បីបន្តវេន ព្រោះជាអង្គភាពសំខាន់ទទួលភារកិច្ចពី រដ្ឋាភិបាលដែលប្រគល់ជូន។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយករងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលតូចលេខ៧០ បានធ្វើបទបង្ហាញអំពីសមិទ្ធិផលសំខាន់ៗ ដែលអង្គភាពមាន និងការបង្កលក្ខណៈរឹតចំណងមិត្តភាព ជាមួយបណ្តាប្រទេសជាមិត្ត នៃប្រទេសកម្ពុជាបានយ៉ាងល្អ ពិសេសគឺបានលើកឡើងពី តួនាទីភារកិច្ចក្នុងការការពារ សន្តិសុខជូនរាជរដ្ឋាភិបាល ការពាររដ្ឋសភា ព្រឹទ្ធសភា ការពារសន្តិសុខនៅរាជធានីភ្នំពេញ និងការងារមនុស្សធម៌ និងជាកម្លាំងអន្តររាគមន៍ នៅពេលមានសភាពការកើតឡើង។
លោកមេបញ្ជាការ បានលើកឡើងពី ការងារមនុស្សធម៌ ចូលរួមសង្គ្រោះពេលមានគ្រោះមហន្តរាយ និងមានរថយន្តសង្គ្រាះ ប្រជាជននៅតំបន់ ភាគខាងលិចរាជធានីភ្នំពេញ ជាពិសេសលើគ្រោះថ្នាក់ចរចណ៍ និងមានរថយន្តពន្លត់អគ្គិភ័យ ជួយប្រជាពលរដ្ឋនៅពេលមានអគ្គិភ័យកើតឡើង នៅក្នុងរាជធានីភ្នំពេញ៕