(សីហនុ)៖ ក្រុមហ៊ុន AirAsia បានសម្ពោធជើងហោះហើរលើកដំបូងរបស់ខ្លួន រវាងខេត្តសីហនុ និងក្រុងកូឡាឡាំពួរ ប្រកបដោយជោគជ័យ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ជាមួយនឹងការកំណត់ហោះហើរ ៤ជើងក្នុងមួយសប្តាហ៍។
ការសម្ពោធជើងហោះហើរលើកដំបូងនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនរបស់ម៉ាឡេស៊ី ដែលគេរំពឹងថា នឹងជំរុញកំណើនភ្ញៀវទេសចរដល់ខេត្តព្រះសីហនុ និងក្រុងកូឡាឡាំពួរ កាន់តែច្រើនថែមទៀត។
ប្រធានទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការហោះហើរត្រង់ថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ខេត្តព្រះសីហនុ ដូចជាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស វិស័យទេសចរណ៍នៅខេត្តព្រះសីហនុតែម្តង។
បច្ចុប្បន្ន ការហោះហើរទៅវិញទៅមកជាលក្ខណៈជាតិ និងអន្តរជាតិទៅកាន់ខេត្តព្រះសីហនុ មានចំនួន៦០ជើង ក្នុង១សប្តាហ៍។ ខេត្តនេះមាន ការហោះហើរត្រង់ ជាលក្ខណៈអន្តរជាតិ ទៅកាន់ប្រទេសចំនួន៣ ក្នុងនោះមានប្រទេសចិន, វៀតណាមជាដើម និងប្រទេសម៉ាឡេស៊ីផងដែរ។
ខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប និងរាជធានីភ្នំពេញ។ របាយការណ៍ បានឱ្យដឹងថា រយៈពេល៥ខែដំបូង ក្នុងឆ្នាំ២០១៧នេះ ខេត្តព្រះសីហនុ មានការហោះហើរចំនួន១០៤១ជើង កើនឡើងជាង ៣៤៤ភាគរយ ដោយមានភ្ញៀវទេសចរ បានទៅដល់ខេត្តនេះតាមជើងយន្តហោះចំនួន ៦៦ ៧៤៦នាក់ កើនឡើង១៨១ភាគរយ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៦៦ ២២១នាក់ កើនឡើង២០៩ភាគរយ និងភ្ញៀវជាតិ៥២៥នាក់ កើនឡើង២៨៣ភាគរយ។ ក្រៅពីនោះក៏មានភ្ញៀវទេសចរទៅដល់តាមផ្លូវទឹក និងផ្លូវគោកផងដែរ៕