(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផ្តល់ការប្រើប្រាស់អ៊ីនធើណិត នៅក្នុងបរិវេណវិទ្យាស្ថាន សម្រាប់សិស្សនិស្សិតឥតគិតថ្លៃ រយៈពេល៣ឆ្នាំ និងការផ្តល់ជូនគណនីវីងឥតគិតថ្លៃ ដល់សិស្សនិស្សិត និងសាស្រ្តាចារ្យ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ក្រោមវត្តមានលោក ភុល នរិទ្ធ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោក សុធី សុវិត្យា នាយកផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមនៃធនាគារឯកទេសវីង។
កិច្ចសហការនេះ បង្ហាញពីការជួយជ្រោមជ្រែង របស់វិស័យឯកជន ក្នុងការផ្តល់លទ្ធភាពឲ្យ និស្សិតអាចសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់ ប្រព័ន្ធអ៊ីនធើណិតដោយសេរី នៅក្នុងបរិវេណវិទ្យាស្ថាន ដើម្បីទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗដែលកំពុង កើតមានជុំវិញពិភពលោក។ បែបនេះ និស្សិតកម្ពុជា អាចត្រៀមខ្លួន ក្នុងការបត់បែនដ៏រហ័ស នៃយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ។ បេសកកម្មរបស់វីង គឺលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងចូលរួមចំណែកផ្តល់ជូននូវដំណោះស្រាយ សាច់ប្រាក់ដែលជាតម្រូវការចំពោះមុខ សម្រាប់ប្រទេសកម្ពុជា។
លោក សុធី សុវិត្យា នាយកផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមនៃធនាគារឯកទេសវីង បានលើកឡើងថា «តួនាទីរបស់វិស័យឯកជន ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិគឺជាកាត្វកិច្ចដែលមិនគួរមើលរំលង ព្រោះថាសុខភាពរបស់សហគមន៍គឺជាដង្ហើមរបស់សេដ្ឋកិច្ចជាតិ។ ដូច្នេះហើយវីង បាននឹងកំពុងចូលរួមយ៉ាងសកម្មទាំងវិស័យហិរញ្ញវត្ថុ និងកិច្ចការសហគមន៍ ដើម្បីពង្រឹងនិងពង្រីកសក្តានុពលរបស់កម្ពុជា»។
លោកថ្លែងថា ជាក់ស្តែង មិនខុសពីទស្សនៈអជីវកម្មរបស់វីងនោះទេ ដែលព្យាយាមធ្វើយ៉ាងណាផ្តល់នូវសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដែលមានងាយស្រួល រហ័ស និងមានសុវត្ថិភាពដល់អតិថិជន។ ដូចថ្ងៃនេះដែរ វីងក៏សូមប្រកាសដល់ និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថា ឥឡូវនេះនិស្សិតអាចបង់ថ្លៃសិក្សាតាមរយៈវីង។
គួរបញ្ជាក់ដែរថា អតិថិជនអាចប្រើប្រាស់គណនីវីង ដើម្បីផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ទិញសំបុត្រកុន ឬសំបុត្រឡានក្រុង ទិញទំនិញតាមអនឡាញ និងបង់វិក្កយបត្រជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីផ្តល់លទ្ធភាពដល់ប្រជាជនក្នុងការប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ វីងបានទម្លាក់ថ្លៃផ្ទេរប្រាក់មកត្រឹមតែ ២០០០រៀល។
ចាប់ផ្តើមក្នុងឆ្នំា២០០៩ វីងគឺជាធនាគារឯកទេសដែលឈានមុខគេលើសេវាទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ក្នុងប្រទេសកម្ពុជា បានធ្វើការសហការជាមួយដៃគូជាច្រើន ដើម្បីពង្រឹង និងពង្រីកសេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា៕