(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនលោក ម៉ន ផល្លា ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដើម្បីសាកសួរពីដំណើររឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» លើយុវជនម្នាក់នៅខណ្ឌមានជ័យ កាលពីចុងខែឧសភា ឆ្នាំ២០១៧កន្លងទៅ។ នេះបើយោងតាមដីការបស់លោក សៀង សុខ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច នាល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧នេះ។
លោក ម៉ន ផល្លា អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ 3Eo ផ្លូវលេខ15C ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ បុរសរងគ្រោះម្នាក់ត្រូវបានក្រុមសកម្មជន គណបក្សសង្គ្រោះជាតិប្រមាណ១០នាក់ បានព្រួតវាយធ្វើបាប គ្រាន់តែបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែបក្សរបស់ពួកគេ បណ្តាលឲ្យជាំហើមភ្នែកខាងឆ្វេងក្បាល និងលើខ្លួនប្រាណជាច្រើនកន្លែង។
ក្រោយមកនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ បុរសរងគ្រោះ បានដាក់ពាក្យប្តឹងក្រុមអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិទាំងនេះ នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលបានវាយទាត់ធាត់លើរូបគាត់៕