(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ចុះជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ទី២៩ ដែលផ្ដួចផ្ដើមដោយ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ជូនគ្រួសារឈ្មោះ មឿន ម៉ៅ អាយុ៣៥ឆ្នាំ និងភរិយាឈ្មោះ ហូ ឆយ អាយុ៣៣ឆ្នាំ ជាគ្រួសារទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនស្រីម្នាក់ អាយុ២ឆ្នាំ រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង។
លោកស្រី គួយ ណាលីន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
បន្ថែមពីនេះ លោកស្រី ក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
អំណោយមនុស្សធម៌បន្ថែមរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលចូលរួមម្នាក់ៗ ទទួលបានថវិកាមួយចំនួនផងដែរ៕