(ភ្នំពេញ)៖ Tim Ho Wan (ធីមហូវ៉ាន់) ជាភោជនីយដ្ឋាន ឌីមសាំ ដ៏ល្បីល្បាញប្រចាំទីក្រុងហុងកុង បានប្រារព្ធពិធីសម្ពោធសាខា ប្រចាំកម្ពុជារបស់ខ្លួន នៅក្នុងបរិវេណផ្សារទំនើបអ៊ីអន នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលជាការបង្ហាញខ្លួនលើកដំបូង នៅក្នុងទីផ្សារអាហារ ដើម្បីប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជា។
Tim Ho Wan (ធីមហូវ៉ាន់) គឺជាភោជនីយដ្ឋាន ឌីមសាំ ដ៏ល្បីល្បាញដែលទទួលបានការគាំទ្រ ពីសំណាក់ប្រជាជនទូទាំងទីក្រុងហុងកុង ចំពោះរសជាតិដ៏ឆ្ងាញ់ពិសា និងមានតំលៃថោកសមរម្យ។ មិនត្រឹមតែប៉ុណ្ណោះ Tim Ho Wan (ធីមហូវ៉ាន់) ថែមទាំងទទួលបានការផ្តល់ពិន្ទុផ្កាយមួយ ពី Michelin Guide (មីឆេលីន ហ្គាយ) ដែលជាក្រុមហ៊ុនមគ្គុទេស ផ្តល់ពិន្ទុលើគុណភាព និងរសជាតិរបស់ភោជនីយដ្ឋាន និងសណ្ឋាគារ នៅលើពិភពលោកថែមទៀតផង។
ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ ភោជនីយដ្ឋាននេះ បានបើកដំណើរការហាងរបស់ខ្លួន នៅបណ្តាទីក្រុងនានាជាច្រើន នៅតំបន់អាស៊ី ហើយក៏កំពុងបន្តពង្រីកសក្តានុពល របស់ខ្លួននៅប្រទេស ផ្សេងៗទៀតផងដែរ។ Tim Ho Wan (ធីមហូវ៉ាន់) ត្រូវបានបង្កើតឡើងដោយចុងភៅ Mak Kwai Pui (ម៉ាកក្វៃពួយ) និងចុងភៅ Leung Fai Keung (លឹងហ្វៃគឹង) ក្នុងឆ្នាំ២០០៩។ មេចុងភៅទាំងពីរនាក់នេះ បានចូលរួមជាមួយគ្នា ដើម្បីបើកភោជនីយដ្ឋានដំបូងរបស់ខ្លួន ដែលមានកៅអីចំនួនតែ ២០ប៉ុណ្ណោះ នៅតំបន់ Mong Kok (មុង កក) ទីក្រុងហុងកុង បន្ទាប់ពីដំណើរការបានមួយឆ្នាំ ក្រោយមកពួកគេទទួលបានផ្កាយមួយពី Michelin Guide (មីឆេលីនហ្គាយ) មិនត្រឹមតែប៉ុណ្ណោះ ទោះបីជា Tim Ho Wan មានការអោយតំលៃពី Michelin Guide (មីឆេលីនហ្គាយ) ដ៏ល្បីល្បាញលើពីភពលោកក៏ដោយ ក៏ភោជនីយដ្ឋានមួយនេះ ត្រូវបានគេហៅថាជា ភោជនីយដ្ឋានដែលនៅតែមានតម្លៃ ថោកសមរម្យបំផុតផងដែរ។
លោកស្រី សៀក ហ្គិច នាយិកានៃភោជនីយដ្ឋាន Tim Ho Wan Cambodia (ធីមហូវ៉ាន់ កម្ពុជា) បានថ្លែងឲ្យដឹងថា កាលដែលក្រុមហ៊ុនលោកស្រី នាំភោជនីយដ្ឋាននេះមកកម្ពុជា គឺក្នុងគោលបំណង បំពេញតំរូវការរបស់ប្រជាជនកម្ពុជា ដែលមានកំណើនជីវភាពកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត លោកស្រីចង់ឲ្យប្រជាជនយើង បានភ្លក្សរសជាតិ ឌីមសាំ ដ៏ល្បីល្បាញ និងឆ្ងាញ់ពិសាប្រចាំហុងកុង តំលៃសមរម្យ ដែលប្រជាជនយើងអាចទទួលយកបាន ព្រមជាមួយទីកន្លែងមានផាសុកភាព។
លោកស្រីបានបន្ថែមថា នៅពេលខាងមុខដ៏ខ្លី លោកស្រីនឹងបើកសាខាភោជនីយដ្ឋាននេះ បន្ថែមទៀតនៅតាមតំបន់សំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាជនយើង បានស្គាល់នូវរសជាតិដ៏ល្បីល្បាញ មួយនេះគ្រប់ៗគ្នា។
គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន Tim Ho Wan (ធីមហូវ៉ាន់) បានបើកដំណើរការភោជនីយដ្ឋានរបស់ខ្លួន នៅតាមបណ្តាប្រទេសជាច្រើនដូចជា ហុងកុង សិង្ហបុរី ហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អូស្រ្តាលី ថៃ ម៉ាកាវ និង កម្ពុជាយើងដែលបើកដំណើរការ ក្នុងបរិវេនផ្សារទំនើប អ៊ីអន (AEON MALL) នៅច្រកមាត់ទន្លេ៕