(ភ្នំពេញ)៖ លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែសីហា ប្រកាសសាលក្រមផ្តន្ទាទោសអតីតអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតា និង បក្ខពួកពីរនាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ២ឆ្នាំ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តពិសេសដោយអភិបាល ដែលមានទឹកប្រាក់រហូតដល់ជាង២លានដុល្លារអាមេរិក ។
លោកចៅក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ថា ថុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាអតីតអគ្គនាយកមីក្រូហិរញ្ញវត្ថុឌែលតា ផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ។ ឈ្មោះ វុធ ប៊ុណ្ណារ៉ែម ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញវត្ថុឌែលតា ផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ។ ឈ្មោះ សុខ ច័ន្ទលំអង ភេទស្រី អាយុ៣៦ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញវត្ថុឌែលតា ផ្ដន្ទាទោស២ឆ្នាំ តែទោសនេះត្រូវព្យួរ ។
ក្នុងសាលក្រមនេះ តុលាការបង្គាប់ឲ្យជនជាប់ចោទទាំង៣នាក់រួមគ្នាសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន២៥ម៉ឺនដុល្លារអាមេរិក ។ ដោយឡែក ប្រាក់ជាង២លានដុល្លារ ទុកសិទ្ធិឲ្យដើមបណ្ដឹងប្តឹងទាមទារនៅពេលក្រោយ ។
ពួកគេទាំង៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ"រំលោភលើទំនុកចិត្តពិសេសដោយអភិបាលឬបុគ្គលផ្សេងទៀត"តាមមាត្រា៣៩១និងមាត្រា៣៩៣នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៦ ។
នាពេលសវនាការ ជនជាប់ចោទទាំង៣នាក់ សុទ្ធតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយសូមឲ្យតុលាការរកយុត្តិធម៌ ៕