(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) នៅថ្ងៃទី០៩ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានស្នើឲ្យក្រសួងពាណិជ្ជកម្ម ពិចារណា កាត់បន្ថយកម្រៃសេវារដ្ឋបាល សម្រាប់ការចេញ CO និងការកាត់បន្ថយការចំណាយ មិនចាំបាច់ផ្សេងទៀត។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា GMAC បានទទួលស្គាល់ពីការកែលម្អ នៃកំណែទម្រង់ដែលធ្វើឡើង ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំកន្លងមក ក្នុងការធ្វើទំនើបកម្ម នៃការសម្រួលពាណិជ្ជកម្មការចេញ CO ការកាត់បន្ថយការចំណាយមិនចាំបាច់ ដើម្បីធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។
លោក កាំង ម៉ូនីកា បានលើកឡើងថា៖« GMAC ទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង កែទម្រង់ដោយក្រសួងពាណិជ្ជកម្ម។ យើងសូម កោតសរសើរ ចំពោះការធ្វើអោយកាន់តែមានភាពងាយស្រួល នៃនីតិវិធី និងការធ្វើទំនើបកម្ម នានាជាពិសេសការស្នើការធ្វើ ស្វ័យប្រវត្តិកម្មវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើម (CO)»។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ទោះបីជាកិច្ចប្រឹងប្រែងរបស់ក្រសួង ដែលបានធ្វើរួចហើយក៏ដោយ ក៏សមាគម GMAC យល់ឃើញថា រយៈពេលកំណត់វាជាការពិបាកមួយ ដែលមិនអាចទទួលបាន CO នៅក្នុងរយៈពេល២ថ្ងៃផ្លូវការផ្លូវការ គឺយ៉ាងហោច ណាស់ក៏ចំណាយពេល៥ថ្ងៃដែរ ដោយសារតែមានដំណាក់កាលច្រើន គួបផ្សំជាមួយនឹងបន្ទុក ការងាររបស់មន្ត្រីច្រើន។
លោកថា ដូចដែលយើងបានឃើញ អំពីការកំណែទម្រង់របស់ ក្រសួងដែលកំពុងធ្វើការលើការកែលម្អ ក្នុងការជួយកាត់បន្ថយការចំណាយ ដែលមិនចាំបាច់ផ្សេងៗ។ ប៉ុន្តែលោកថា កម្រៃសេវារដ្ឋបាលផ្លូវការសម្រាប់ CO (៥០ ដុល្លារអាមេរិក / CO ទម្រង់ A, ៣០ ដុល្លារអាមេរិក / CO ទម្រង់ N) ក៏គួរត្រូវបានកាត់បន្ថយដែរ។
លោកបន្តថា «វាក៏មានសារៈសំខាន់ផងដែរ ក្នុងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការ ដែលមិនចាំបាច់មួយចំនួន ដែលមិនទាន់មានហេតុផល នៅឡើយទេ ដូចជាកម្រៃគ្រប់គ្រងការនាំចេញ។ ការយកកម្រៃរបស់ខាងកាំកុងត្រូល ក៏បានរួមចំណែកជម្រុញដល់ការកើនឡើង នៃការចំណាយថ្លៃដើម នៃការនាំចេញនាំចូលខ្ពស់ ហើយនេះក៏គួរតែត្រូវ បានគេមើលឃើញផងដែរ»៕