(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក Peter Cosgrove AK MC (Retd) អគ្គទេសាភិបាល Commonewealth នៃប្រទេសអូស្ត្រាលី និងលោកស្រី Cosgrove នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើជា​ប្រធានកិត្តិយសជាមួយនឹងប្រមុខដឹកនាំបេសកកម្មរដ្ឋ-រដ្ឋាភិបាលតំណាងប្រទេសអាស៊ាន១០ ប្រចាំប្រទេសអូស្ត្រាលី បានទទួលនូវការអញ្ជើញក្នុងប្រារព្ធទិវារំលឹកខួបទី ៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងវិមានរដ្ឋាភិបាលទីក្រុងកង់បេរ៉ា។

សម្រាប់វត្តមានភ្ញៀវកិត្តិយស​ដែលអញ្ជើញចូលរួមមានដូចជា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស​អាស៊ានជាដៃ​គូសន្ទនាទាំងអស់ និងតំណាងមកពីរដ្ឋាភិបាល ពាណិជ្ជករ និងនិស្សិតជាដើម។

លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីកង់បេរ៉ា បានថ្លែងថា «យើងមានកិត្តិយសដែល ឯកឧត្តម Peter និង លោកជំទាវ Cosgrove ដែលបានបង្ហាញទឹកចិត្តល្អ ក្នុងការចូលរួមការប្រារព្ធពិធីអបអរសាទរ​ជាសកលរបស់អាស៊ាន ចំពោះការសម្រេចបានដ៏ធំធេងនេះ។ នេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព​ដ៏ជ្រាលជ្រៅ និងទំនាក់ទំនងដ៏រឹងមាំ​រវាងអាស៊ាន និងអូស្ត្រាលី ដែលជាដៃគូសន្ទនា​ចាស់ជាងគេរបស់អាស៊ាន»

ទំនាក់ទំនងអាស៊ាន-អូស្ត្រាលី បាននិងកំពុងរីកចំរើនពីមួយដំណាក់កាលទៅមួយដំណាក់កាល។ លោក Malcolm Turnbull សមាជិកសភា និងជានាយករដ្ឋមន្ត្រី នៃប្រទេសអូស្ត្រាលី នឹងធ្វើជាប្រធានដឹកនាំ​តំណាង​ប្រទេសអាស៊ានទាំងអស់ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី ១៧-១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងទីក្រុងស៊ីដនី។ កិច្ចប្រជុំកំពូល ដែលនឹងមកដល់នាពេលខាងមុខនេះ នឹងជម្រុញឲ្យភាពជាដៃគូ​យុទ្ធសាស្ត្ររវាងអាស៊ាន-អូស្ត្រាលី កាន់តែស៊ីជម្រៅខ្លាំងជាងមុនទៀត៕